ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចាប់ខ្លួនជនជាតិវៀតណាមម្នាក់មកប្រមាញ់សត្វព្រៃនៅស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវមន្រ្តីឧទ្យានុរក្សសត្វព្រៃចាប់ឃាត់ខ្លួនបានភ្លាមៗ ខណ:ជននេះ និងបក្ខពួកបានធ្វើសកម្មភាពចាប់សត្វព្រៃដោយប្រើវិធីដាក់អន្ទាក់យកសត្វក្ងោក ១ក្បាល ហើយព្យាយាមរត់គេចខ្លួន បន្សល់ទុកនូវវត្ដុតាងម៉ូតូ២គ្រឿងនិងសត្វក្ងោកងាប់មួយក្បាលនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ សៅរ៍ ១៤ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២០ នៅចំណុចពាមអូរឡាវ ក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲយដឹងថា ជនសង្ស័យដែលសមត្ថកីច្ចឃាត់ខ្លួនបានឈ្មោះ ង្វៀង វ៉ាន់ស៊ី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅឃុំហ្វាំងលីវ ស្រុកហ្វាំងហ្វា ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។ រីឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះត្រូវចោទប្រកាន់ដោយតំណាងអយ្យការ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ។ បន្ទាប់មកជនត្រូវចោទឈ្មោះ ង្វៀង វ៉ាន់ស៊ី  ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ និងបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះនៅក្នុងខេត្តមណ្ឌលគិរីរួចហើយ៕ ប្រាថ្នា


ចែករំលែក៖