ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីបានសម្រេច ត្រាស់បង្គាប់ ឲ្យ លោក Mahathir នៅធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មី ត្រូវបង្កើតឡើង។ ជាមួយគ្នានេះ បណ្តាសមាជិករបស់គណបក្សរួបរួមប្រជាជនម៉ាឡេស៊ី ដែលហៅកាត់ថា Bersatu បានច្រានចោលការសុំលាលែងរបស់លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) ពីប្រធានគណបក្ស ដោយពួកគេនៅតែគាំទ្រនៅពីក្រោយលោក មហាធៀ ជានិច្ច ។
អគ្គលេខាធិការគណបក្ស Bersatu លោក ម៉ាហ្សូគី យ៉ាហ៍យ៉ា (Marzuki Yahya) បានគូសបញ្ជាក់ថា សមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់ របស់គណបក្សលោក បានសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការគាំទ្រលោកបណ្ឌិត មហាធៀ មហាម៉ាត់ ឲ្យបន្តធ្វើជាប្រធានគណបក្សដដែល។
លោក Marzuki បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងទើបតែបិទបញ្ចប់កិច្ចប្រជុំពិសេសមួយ រវាងសមាជិកជាន់ខ្ពស់នៃគណបក្ស ហើយក្នុងចំណោមអ្វីដែលយើងបានពិភាក្សាគ្នា នោះគឺយើងក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់គណបក្ស សូមបដិសេធចោល នូវលិខិតលាលែងតំណែង របស់លោកបណ្ឌិត មហាធៀ ពីប្រធានគណបក្ស»។ លោក Maruki បានបន្ថែមទៀតថា «សមាជិកទាំងអស់ក្នុងគណបក្ស Bersatu នឹងបន្តគាំទ្រដល់លោក មហាធៀ ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី»។
លោក មហាធៀ មហាម៉ាត់ បានថ្វាយលិខិតលាលែងតំណែងជានាយករដ្ឋមន្ត្រី ទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីយ៉ាងតក់ក្រហល់ និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមគ្នានោះលោកក៏បានដាក់លិខិតលាលែងពីប្រធានគណបក្ស Bersatu ផងដែរ។
នៅទីបំផុតព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង៕