ខេត្តកណ្ដាល៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំសំណូមពរឡើងច្រៀងចង្វាក់ស្លូរ ខណៈច្រៀងបានមួយឃ្លា ម្ចាស់ដើមការឲ្យក្រុមតន្ត្រីឈប់ប្រគំដោយសារយប់ជ្រៅចង់រាំញាក់ ជាហេតុធ្វើឲ្យបុរសសង្ស័យខឹង ក៏វាយទៅលើតន្ត្រីករម្នាក់របួសយ៉ាងដំណំ និងវាយបំផ្លាញឧបករណ៍តន្ត្រីរងការខូចខាតមួយចំនួន ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ មិត្ត ម៉េង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឹម ភា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ឹប សឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ក្រុមតន្ត្រីសម័យ ម៉ី ខន (ខូចខាតឧបករណ៍ភ្លេងមួយចំនួន) និងម្នាក់ទៀតឈ្មោះ វើត ធី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករក្រុមតន្ត្រីសម័យ ម៉ី ខន (រងរបួសជាំក្បាល និងដងខ្លួន)។ ដោយឡែកសម្ភារៈខូចខាតមាន៖ អេហ្វិចចំនួន១គ្រាប់, LEDចំនួន ១ផ្ទាំង , អកចុចចំនួន២ដើម, មីក្រូហ្វូនចំនួន ២គ្រាប់ និងទូរស័ព្ទដៃចំនួន ២គ្រឿង ។
ប្រភពដដែលបន្តថា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមតន្ត្រីសម័យ(អកកេះ) ម៉ី ខន ត្រូវបានឈ្មោះ មិត្ត ម៉េង ដែលជាម្ចាស់ដើមការ បានជួលទៅប្រគុំក្នុងកម្មវិធីការកូន ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រុមតន្ត្រីសម័យបានប្រគុំច្រៀងរាំ កំដរភ្ញៀវជាធម្មតា រហូតដល់វេលាម៉ោង ២២ និង ៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះ សឹម ភា និងឈ្មោះ គូ វី ភេទប្រុស បានសំណូមពរច្រៀងបទចង្វាក់ស្លូ ១បទ នៅពេលនោះឈ្មោះ គូ វី ច្រៀងទើបតែបានមួយឃ្លា ក៏ម្ចាស់កម្មវិធីឲ្យខាងក្រុមតន្ត្រីបញ្ឈប់ការច្រៀង ដោយឲ្យប្ដូជាច្រៀងចម្រៀងបែបចង្វាក់ញាក់សប្បាយៗវិញ ព្រោះជិតចប់កម្មវិធីទៅហើយ ។ បន្ទាប់មកស្រាប់តែឈ្មោះ សឹម ភា ដែលស្រវឹងស្រាជោកជាំ បានខឹងសម្បារ រួចទៅវាយកម្មករក្រុមតន្ត្រីឈ្មោះ វើត ធី បណ្ដាលឲ្យរងរបួសពេញខ្លួន រួចបានវាយបំផ្លាញឧបករណ៍តន្រ្តី បណ្ដាលឲ្យខូចខាតអស់មួយចំនួនធំថែមទៀតផង ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ សឹម ភា ក៍បាន គេចខ្លួនបាត់ទៅ។ ដោយឡែកជនរងគ្រោះ វើត ធី ត្រូវបានខាងក្រុមតន្ត្រីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅស្រុកកោះធំ លុះនៅថ្ងៃទី២៤ខែឆ្នាំដដែលជនរងគ្រោះបានមកប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើខ្មៅដើម្បីចាត់ការតាមច្បាប់ ។
ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅ សហការជាមួយកម្លាំងជំនាញស្រុក បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ១នាក់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ តែម្ដង ។
បច្ចុប្បន្នជនសង្សយ័ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននរគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស្អាងជ័យ