ភ្នំពេញ៖ អ្នកគាំទ្រតារាចម្រៀង សួស វីហ្សា និងតារាសម្តែង ថមមី ជាច្រើនបានផ្ញើសារសាទរជូនអ្នកទាំងពីរក្រោយពីដំណឹងពរពោះដំណក់ឈាមរួមគ្នាលើកដំបូង ត្រូវបានបង្ហាញ។ ការពរពោះនេះក្រោយពីពួកគេរៀបការបាន៣ខែ និងក្រោយពីវិលត្រឡប់ពីក្រេបទឹកឃ្មុំនៅតំបន់អ៊ឺរ៉ុបនោះ។
ពិតជាលឿន មិនចាញ់តារាចម្រៀង ឱក សុគន្ធកញ្ញា នោះទេ ក្រោយរៀបមង្គលការកក្រើកអស់អ្នកសិល្បៈភ្លាម ថមមី និងសួសវីហ្សា ទទួលបានដំណឹងល្អភ្លាម ដោយទទួលបានចំណងដៃកូនក្នុងផ្ទៃលើកដំបូងហើយ។ តារាសម្តែង ថមមី លើកឡើងថាមួយរយៈនេះលោកមានអាការៈចម្លែកដោយចង់ក្អួតចង្អោរ និងឃ្លានតែម្ជូរ ដែលជាហេតុភេទនៃការចាញ់ដូចចាស់ៗតែនិយាយថាប្រពន្ធមានផ្ទៃពោះចាញ់ប្តីនោះ។ លោកពិតជាសប្បាយចិត្តខ្លាំងរកអ្វីប្រៀមិនបានក្រោយពីក្តីស្រមៃក្នុងជីវិតបានដូចបំណង ដោយលោក និងភរិយាទទួលបានចំណងដៃកូនជាលើកដំបូង។ លោកថាលោកបានក្លាយជាប៉ាគេហើយ ហើយលោកពិតជាអរគុណចំពោះភរិយាដែលបានពរពោះ ហើយលោកសន្យាថានឹងថែរក្សាកូននិងភរិយាឲ្យបានល្អ និងមើលថែក្រុមគ្រួសារតូចនេះឲ្យមានក្តីសុខ និងសុភមង្គលជារៀងរហូត។
គួរបញ្ជាក់ដែរថាក្រោយពីស្វែងយល់ចិត្តគ្នាជាប្រមាណជាង៤ឆ្នាំ គូស្នេហ៍សិល្បៈសួស វីហ្សា និង ថមមី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កាលពីចុងខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោមវត្តមានភ្ញៀវជាង១០០០នាក់ ។ បន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ៨ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់១ខែ។ ពួកគេបានបង្ហាញភាពហ៊ឺហាខ្លាំងទាំងការបង្ហាញរថយន្តទំនើបថ្លៃកប់ពពក និងការបើកដំណើរការហាងលក់សម្លៀកបំពាក់នៅតំបន់ដ៏មមាញឹកនៅរាជធានីភ្នំពេញ៕ វឌ្ឍនា