អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់បានឆ្លងនូវជំងឺរលាកសួតថ្មីបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ឬ covid-19 ។ នេះបើតាមការបញ្ជាក់ប្រាប់របស់មន្ត្រីក្រសួងសុខាភិបាលមួយរូបជាមួយប្រភពព័ត៌មាន afp កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ចំពេលដែលប្រទេសអ៊ីរ៉ង់កំពុងតែមានការឆ្លងរាលដាលជំងឺនេះយ៉ាងខ្លាំង។
ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គម twitter លោក Alireza Vahabzadeh ទីប្រឹក្សាព័ត៌មានរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់បានបញ្ជាក់ថា ការធ្វើតេស្តមេរោគចំពោះរូបលោកឧបនាយករដ្ឋមន្ត្រីក្រសួងសុខាភិបាល Harirchi ដែលជាអ្នកឈានមុខគេនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-19 នោះ លទ្ធផល”វិជ្ជមាន” ។
ប្រភពបានបញ្ជាក់ថា លោក Iraj Harirchi មានអាការៈក្អកជាប្រចាំ ហើយមានបែកញើសអំឡុងពេលធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយអ្នកនាំពាក្យរដ្ឋាភិបាល Ali Rabiei ។
នៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនោះ លោក Harirchi បានបដិសេធការលើកឡើងរបស់សមាជិកសភាអ៊ីរ៉ង់ដែលបានអះអាងថា មនុស្សជាង ៥០អ្នកបានស្លាប់ដោយសារតែជំងឺ covid-19 ស្ថិតនៅទីក្រុង Qom ។ លោក Harirchi បានអះអាងថា លោកនឹងលាលែងចេញពីតំណែង បើសិនការលើកឡើងរបស់អ្នកតំណាងរាស្រ្តពិតជាត្រឹមត្រូវប្រាកដមែននោះ។
នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ អ៊ីរ៉ង់បានបញ្ជាក់ថាអ្នកជំងឺ៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារតែជំងឺកូណាថ្មីឬ covid-19 និងមានអ្នកឆ្លងថ្មីចំនួន៣៤ករណី ធ្វើឱ្យនៅទូទាំងប្រទេសមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១៥នាក់ និងឆ្លងសរុប៩៥នាក់ហើយ។
សាធារណរដ្ឋអ៊ីស្លាមក្លាយជាប្រទេសរងគ្រោះបំផុតបណ្ដាលឱ្យបាត់បង់ជីវិតច្រើនជាងគេ ដោយសារតែជំងឺ Covid-19 ក្រៅពីនៅក្នុងប្រទេសចិន។
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា អ្នកជំងឺដែលបានបាត់បង់ជីវិតដោយសារឆ្លងជំងឺនេះនៅខាងក្រៅទីក្រុង Qom គឺស្ថិតក្នុងចំណោមជនរងគ្រោះដែលបានធ្វើដំណើរទៅកាន់ទីសក្ការបូជា។
លោក Kianoush Jahanpour ដាក់នាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺថ្មីចំនួន ១៦នាក់ ត្រូវបានរកឃើញនៅទីក្រុង Qom, ខណៈ ៩ករណីផ្សេងទៀតរកឃើញនៅក្នុងទីក្រុងតេអ៊ីរ៉ង់, នៅទីក្រុងAlborz ២ករណី, Gilan២ករណី
និងនៅទីក្រុង២ករណីផងដែរ។
ជំងឺនេះក៏ហាក់បាននិងកំពុងឆ្លងរាលដាលទៅកាន់ខេត្តផ្សេងៗរបស់ប្រទេសអ៊ីរ៉ង់ផងដែរ។ ជាក់ស្ដែងករណីថ្មីមួយត្រូវបានរកឃើញនៅក្នុងខេត្ត Fars ខេត្ត Khorasan Razavi និងនៅដែនកោះ Qeshm ចំនួន១ករណីដូចគ្នា។
យ៉ាងណាក៏ដោយ នៅទីក្រុង Qom ទោះបីកំពុងមានការឆ្លងរាលដាលជំងឺខ្លាំង ។ ប៉ុន្តែអ៊ីរ៉ង់ នៅមិនទាន់ដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេឯងនោះទេ៕