ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺ COVID-19 កើន ៨០ ៤៣២ នាក់ និងឆ្លង​៤២ប្រទេស

ចែករំលែក៖

គិតមកត្រឹមថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ COVID-19 បានឆ្លងរាលដាល់​ប្រទេសចំនួន​៤២ និងឆ្លងទៅលើមនុស្សសរុប ៨០ ៤៣២ នាក់ ក្នុងនោះ អ្នកជំងឺ​ដែលស្លាប់​មានចំនួន​ ២ ៧១១​នាក់ ។ កូរ៉េខាងត្បូង​មានករណីជំងឺនេះច្រើន​ជាងគេ បន្ទាប់ពីប្រទេសចិន​។

យោងតាមការចេញផ្សាយ​របស់គេហទំព័រ wikipedia បាន​បញ្ជាក់ថា វីរុស COVID-19 មកដល់ពេលបច្ចុប្បន្ននេះ​បានឆ្លង​រាលដាល​ប្រទេស​ក្នុងតំបន់ និងជុំវិញពិភពលោក​សរុប​៤២ប្រទេស ហើយថា អ្នកជំងឺ​ចំនួន ២ ៧១១នាក់​បានបាត់បង់ជីវិត ។

ជំងឺ​ COVID-19 ផ្ទុះឡើងដំបូង​នៅក្នុងខែ​ធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេសចិន ។ នៅប្រទេសចិន​ មានអ្នកឆ្លងជំងឺ​នេះសរុប ៧៧ ៦៦០នាក់, បាត់បង់ជីវិត ២ ៦៦៣នាក់ និងចាកចេញពីមន្ទីរពេទ្យ​សរុប ២៧ ៦២៤នាក់​ផងដែរ ។

យោងតាមការចេញផ្សាយ​របស់ប្រភពដដែលនេះ​បញ្ជាក់ថា ប្រទេសកូរ៉េឈរ​លំដាប់ទី២​បន្ទាប់ពីចិន ។ កូរ៉េខាងត្បូង​មានអ្នកជំងឺសរុប​៩៧៧នាក់, ស្លាប់១១នាក់ និងចាកចេញពីមន្ទីរពេទ្យ​២២នាក់ ។

សូមបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ ជំងឺ COVID-19 អ្នកជំនាញ​នៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ក្នុងនោះសូម្បីតែវាក់សាំង​បង្ការ​ក៏ដោយ ។ មន្ត្រីអង្គការសុខភាពពិភពលោក​បានប្រកាសអាសន្ន​ជំងឺនេះ ហើយថា កំពុងតែខិតខំស្វែងរកថ្នាំ​ព្យាបាលឲ្យបានជាក់លាក់​ក្នុងពេលឆាប់ៗ ។

យ៉ាងណាក៏ដោយ ជំងឺCOVIDI-19នេះ បានឆ្លងរាលដាល​យ៉ាងឆាប់រហ័ស​ពាសពេញពិភពលោក នៅលើប្រទេសចំនួន​៤២ហើយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្នុងនោះផងដែរ អ្នកជំងឺឆ្លងសរុប ៨០ ៤៣២នាក់, ស្លាប់ ២៧១១នាក់ ។ ប៉ុន្តែ​អ្នកជំងឺសរុប ២៧ ៨៩៩នាក់​ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ៕


ចែករំលែក៖