ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុន សហគ្រាស រុស្ស៊ី ចិន ដែលគាំទ្រកម្មវិធីមីស៊ីលអ៊ីរ៉ង់

ចែករំលែក៖

កាលពីដើមខែកុម្ភ: ឆ្នាំ២០២០ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani បានមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ មិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ដើម្បីបន្តពង្រឹងសមត្ថភាពយោធារបស់ខ្លួន ឬការអភិវឌ្ឍកម្មវិធីប្រព័ន្ធមីស៊ីលនោះឡើយ ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដាក់ទណ្ឌកម្មក្រុមហ៊ុន សហគ្រាសចំនួន១៣ នៅក្នុងប្រទេសរុស្ស៊ី, ចិន, អ៊ីរ៉ាក់ និងតួកគី ដោយសារគាំទ្រដល់កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ ។

លោក Pompeo បានបន្ថែមទៀតថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពនានានៅក្នុងប្រទេសទាំងនោះគឺ «ស្របទៅនឹងការខិតខំរបស់យើង ដើម្បីប្រើគ្រប់មធ្យោបាយដែលមាន» ដើម្បីកាត់បន្ថយការអភិវឌ្ឍ និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ជាយថាហេតុ ។

លោកបញ្ជាក់ថា ​ជាពិសេស, សហគ្រាស-បុគ្គល ទួរគី និងចិន ចំនួន ៥ត្រូវបានដាក់ចូលក្នុងបញ្ជីដាក់ទណ្ឌកម្ម ។

ការសម្រេចធ្វើបែបនេះ ស្របទៅតាមសន្ធិសញ្ញាមិនរីកសាយភាយជាមួយអ៊ីរ៉ង់, កូរ៉េខាងជើង និងស៊ីរី អនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មចំពោះ «ការផ្ទេរបរិក្ខារ ឬបច្ចេកវិជ្ជា ដែលមានសក្តានុពលបង្កើតជាសម្ភារ វិភាគទានដើម្បីអភិវឌ្ឍអាវុធមហាប្រល័យលោក ឬប្រព័ន្ធមីស៊ីលបាលីស្ទិកឲ្យដល់ប្រទេសទាំងនោះ» ។

ក្នុងឱកាសថ្លែងនៅក្នុងពិធីជួបជុំដ៏ធំមួយ ប្រារព្ធពិធីខួបទី៤០ ទិវាជ័យជម្នះរបស់បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់កាលពីដើមខែកុម្ភ: ឆ្នាំ២០២០ លោកRouhani បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនបាច់ស្នើសុំ ឬសាកសួរយោបល់ ឲ្យមានការអនុញ្ញាតពីបុគ្គលណាម្នាក់ដើម្បីផលិតប្រព័ន្ធស៊ីលផ្សេងៗនោះឡើយ, ក្នុងនោះមានដូចជាមីស៊ីលប្រឆាំងរថក្រោះ, មីស៊ីលបាញ់ចេញពីអាកាសទៅកាន់អាកាស, មីស៊ីលបាញ់ចេញពីដីទៅលើដី ឬមីស៊ីលបាញ់ចេញពីសមុទ្រទៅកាន់សមុទ្រនោះឡើយ។

លោកប្រធានាធិបតីអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា យើងនឹងបន្តវិថីរបស់យើងអភិវឌ្ឍកម្លាំងយោធា ៕


ចែករំលែក៖