ផលប៉ះពាល់ដែលបង្កឡើងដោយវីរុសកូវីដ-១៩ កាន់តែខ្លាំងឡើង ច្រើនឡើងនៅលើពិភពលោក។ នៅគ្រប់វិស័យទាំងអស់រងផលប៉ះពាល់យ៉ាងខ្លាំង ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ សន្តិសុខ យោធា រួមទាំង វិស័យអប់រំផងដែរ។ សិស្សសាលាជាង៣០០លាននាក់នៅបានផ្អាកការសិក្សា ដោយសារតែវីរុស«ចង្រៃ»មួយនេះ។
គិតមកទល់ពេលនេះ មានជិត៣០ប្រទេសនៅទ្វីបចំនួន៣ បានសម្រេចឲ្យសិស្សឈប់រៀនជាបណ្តោះអាសន្នខ្លាចឆ្លងវីរុស ក្នុងនោះចិន បានបិទសាលារៀនមុនគេ ដោយចិនជាប្រទេសដែលមានការឆ្លងរាលដាលវីរុសផ្លូវដង្ហើមមុនគេ។ បច្ចុប្បន្នមានប្រទេសជាច្រើនទៀតបានបន្តបិទទ្វារសាលារៀន ទូទាំងប្រទេស ក្នុងនោះមានអ៊ីរ៉ង់ អ៊ីតាលី កូរ៉េខាងត្បូង ជប៉ុន វៀតណាម…ចំណែកបារាំងវិញឲ្យបិទទ្វារសាលារៀន១២០កន្លែងនៅក្នុងតំបន់ដែលរាលដាលនៃវីរុស COVID-19 ខ្លាំងជាងគេ ។
តាមតួលេខរបស់អង្គការ អបរំ វិទ្យាសាស្ត្រ និងវិប្បធម៌របស់អង្គការសហប្រជាជាតិ UNESCOបានប្រកាសថាមាន១៣ប្រទេសបិទទ្វារសាលារៀនទាំងស្រុងទូទាំងប្រទេស ប៉ះពាល់ដល់ សិស្ស៣០០លាននាក់។ ជាមួយគ្នានេះមាន៩ប្រទេសផ្សេងទៀតបិទទ្វារសាលាក្នុងតំបន់ដែលរងគ្រោះខ្លាំងមានសិស្សរាប់លាននាក់ទៀតត្រូវផ្អាកទៅរៀន។
អគ្គនាយកអង្គការUNESCOលោក Audrey Azoulay បានបញ្ជាក់ថា«ការបិទសាលារៀនជាទ្រង់ទ្រាយធំ បែបនេះមិនដែលកើតមានពីមុនមកឡើយ ហើយបើបន្តបែបនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធក្នុងការអប់រំ ។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ គណៈកម្មការសុខាភិបាលរបស់រដ្ឋចិនបានបញ្ជាក់ថា ចំនួនអ្នកជំងឺបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើង៣១នាក់ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២ ៩៤៣នាក់ ។ ចំណែកអ្នកឆ្លងថ្មីវិញ មាន១២៥ករណី កើនឡើងសរុប ៨០ ១៥១នាក់ ។
យោងតាមទិន្នន័យថ្មីបំផុតពីខេត្តចំនួន៣១របស់ប្រទេសចិន បញ្ជាក់ថា មនុស្សចំនួន ៤៧ ២០៤នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខាភិបាលចិនបញ្ជាក់ដូច្នេះថា «គិតមកដល់ម៉ោង៤រសៀល ថ្ងៃទី២ ខែមីនា ខេត្តចំនួន៣១ ត្រូវបានរាយការណ៍ថា មានករណីថ្មីចំនួន១២៥នាក់, ស្លាប់ថ្មីចំនួន៣១នាក់(ក្នុងខេត្តហ៊ូប៉ី) និងករណីសង្ស័យថ្មីចំនួន១២៩ករណី»។
នៅក្នុងខេត្ត ហ៊ូប៉ី កត់ត្រាថ្មីស្តីអំពីការឆ្លងជំងឺ COVID-19 មានចំនួន១១៤ករណី កាលពីថ្ងៃទី២ ខែមីនា ក្នុងនោះ នៅទីក្រុងវូហានតែមួយ ដែលជាចំណុចកណ្តាលនៃការឆ្លងមេរោគ មានអ្នកឆ្លងថ្មីចំនួន ១១១ករណី និង២១ករណីបានស្លាប់ ។
ជំងឺ COVID-19 ផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះឆ្លងរាលដាលជាង៥០ប្រទេសជុំវិញពិភពលោក ។ តួលេខបច្ចុប្បន្ន អ្នកជំងឺដែលស្លាប់នៅជុំវិញពិភពលោកកើនឡើងជាង៣០០០នាក់ និងឆ្លងជាង ៨៩ ០០០នាក់ ។
លោក Xu Nanping អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនបានបញ្ជាក់កាលពីចុងខែកុម្ភៈថា វាក់សាំងសាកល្បងប្រឆាំងជំងឺ COVID-19នៅក្នុងប្រទេសចិន ទំនងជាចាប់ផ្តើមដំបូងគេបំផុតនៅចុងខែមេសា ឆ្នាំ២០២០ ៕ ម៉ែវ សាធី