ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបបារម្ភខ្លាច ជនភៀសខ្លួនស៊ីរីកាន់តែច្រើនចូលអឺរ៉ុប

ចែករំលែក៖

បច្ចុប្បន្នអឺរ៉ុប បារម្ភខ្លាចជនភៀសខ្លួនស៊ីរី ជិត១លាននាក់ បន្តចាកចេញពីប្រទេសដោយសារសង្គ្រាម ។ជាមួយគ្នានោះតួកគីអាចបើកទ្វារព្រំដែនជាប់ប្រទេសក្រិចឲ្យចូលមកអឺរ៉ុប អាចបង្កឲ្យមានវិបត្តិជនភៀសខ្លួនសាជាថ្មី ដូចដែលធ្លាប់កើតឡើងក្នុងតំបន់អឺរ៉ុប កាលពីឆ្នាំ​២០១៥។

តួកគីមានជនភៀសខ្លួនប្រមាណ​៤លាននាក់ ក្នុងនោះមានជនជាតិស៊ីរី៣,៦លានានក់ ។

កាលពីសប្តាហ៍កន្លងមក​រដ្ឋាភិបាល​តួកគីបានប្រកាសថា​នឹងមិនរារាំងដល់ជនភៀសខ្លួនណាមានបំណងចង់ទៅកាន់អឺរ៉ុបនោះឡើយ​។ ដោយខ្លាចតួកគី​បើកព្រំដែន សហគមន៍អឺរ៉ុបបានសម្រេច​ផ្តល់ជំនួយជាទឹកប្រាក់​៥០០លានអឺរ៉ូ​ដល់ ប្រទេសតួកគី ​សម្រាប់ជួយដល់ ក្រុមជនភៀសខ្លួន​។ ជំនួយខាងលើត្រូវបានភាគីស៊ីរី​ចោទថា រដ្ឋាភិបាលតួកគី​ប្រើប្រាស់ជនភៀសខ្លួនស៊ីរី ចាប់ជំរិតអឺរ៉ុប​។

ចាប់តាំងពីឆ្នាំ​២០១៦ មកទល់ពេលនេះ​ អឺរ៉ុបបានជួយដល់តួកគី នៅទឹកប្រាក់​​៣,៦ពាន់លានដុល្លារ​ សម្រាប់ជួយដល់ជនភៀសខ្លួនស៊ីរី​៣,៦លាននាក់នៅក្នុងប្រទេសតួកគី។ ការផ្តល់ជំនួយខាងលើកើតឡើង ក្រោយពេលតួកគីព្រមានអឺរ៉ុបថា នឹងដោះលែងជនភៀសខ្លួនទាំងអស់ឲ្យចូលអឺរ៉ុប ប្រសិនបើអឺរ៉ុប មិនជួយចិញ្ចឹមជនភៀសខ្លួនទាំងនោះទេ ។

កន្លងមក មន្ត្រីសហគមន៍អឺរ៉ុបក៏បានចោទប្រកាន់តួកគីថា«ចាប់ជំរិត»ទារប្រាក់ពីសហគមន៍អឺរ៉ុបផងដែរ។ តួកគីធ្លាប់បានព្រមានថា នឹងបើកព្រំដែនឲ្យជនភៀសខ្លួន​ជាង​៣លាននាក់ចូលទៅអឺរ៉ុប ប្រសិនបើអឺរ៉ុបមិនផ្តល់ជំនួយគ្រប់គ្រាន់នោះទេ។ តួកគី​មិនមែនជាអ្នកទទួលខុសត្រូវនោះឡើយ​ គឺអឺរ៉ុបទាំងមូល ត្រូវតែមានចំណែកជួយដល់ជនភៀសខ្លួន។

កន្លងមកប្រធានាធិបតីស៊ីរីលោក​ អាលអាសាដ​បានប្រកាសថា តួកគីកំពុងតែអូសទាញផលប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច ពីជនភៀសខ្លួនស៊ីរី ដោយយកជនភៀសខ្លួនទៅគំរាមកំហែងអឺរ៉ុប។ មិនតែប៉ុណ្ណោះតួកគី បង្ខំឲ្យអឺរ៉ុបគាំទ្រ​ ក្នុងសង្គ្រាមវាយប្រហារនៅលើទឹកដីស៊ីរីទៀតផង​៕ ម៉ែវ សាធី

 


ចែករំលែក៖