ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យ ចុះរុះរើខ្ទមសង់លើទីលានចាក់សំរាម ចំនួន៤ខ្ទមតូចៗ រួមទាំងឃាត់ខ្លួនមនុស្ស៨នាក់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងខ្ទមមួយចំនួនដែលសង់លើទីលានចាក់សំរាម បង្កភាពអនាធិបតេយ្យជាទីជំរករបស់ជនសង្ស័យនាំគ្នាមកសំងំសេបនិងចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះប្រតបត្តិការរុះរើចេញទាំងអស់ ដោយគ្មានការអនុញ្ញាត្តិឲ្យសាងសង់នោះទេ ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនិង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាល បង្ក្រាបបទល្មើសគ្រឿងញៀន និង អ្នកចែកចាយគ្រឿងញៀន និង រួមទាំង អ្នកផ្ទុកនូវសារធាតុញៀន ស្ថិតនៅទីលានចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិព្រែកទាល់ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្លាំងចូលរួមសរុប១០២នាក់ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការនេះបែងចែកកម្លាំងជា៥គោលដៅសំខាន់ៗ ជាក់ស្តែង កម្លាំងជំនាញចុះទៅដល់ក៏ធ្វើការរុះរើខ្ទមសង់លើទីលានចាក់សំរាម ចំនួន៤ខ្ទមតូចៗ រួមទាំងឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ដែលបានប្រើប្រាស់នូវសារធាតុញៀន បញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយប្រតិបត្តិការរួច ប្រជាពលរដ្ឋ បានអរគុណដល់អាជ្ញាធរខណ្ឌមានជ័យ ដែលបានចុះបង្ក្រាបសម្បុកគ្រឿងញៀននៅទីលានចាក់សំរាមស្ទឹងមានជ័យនេះ ព្រោះបញ្ហាគ្រឿងញៀននៅតំបន់មួយនេះ បានកកេីតជាយូរមកហេីយ ហេីយសង្ឃឹមថា នឹងលែងមានក្រុមជនសង្ស័យទាំងនេះសង់ខ្ទមបន្តទៀតទេ ៕ស រស្មី


ចែករំលែក៖