ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី និងកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើយ ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល ខណៈរហូតមកដល់ម៉ោងនេះ គ្មានពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជា ផ្ទុកវីរុសកូវីដ១៩ឡើយ។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង ព្រោះផលិតផលស្បៀងរបស់កម្ពុជា លើសពីការបម្រុងទឺក រហូតដល់នាំចេញទៅបរទេសទៀតផង។
សូមបញ្ជាក់ថា៖ ការចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈស្បៀងអាហារបម្រុងនៅក្នុងរាជធានីភ្នំពេញ ពុំបានប្រឈមនឹងការខ្វះខាតនោះទេ។
មួយរយៈនេះឃើញថា៖ ជនរួមជាតិបាននាំគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងនោះសូម្បីតែ លោក កឹម សុខា ក៏បានលើកឡើងថា៖ ក្នុងស្ថានភាពសេដ្ឋកិច្ចនិងការរីករាលដាល Covid-19 កុំប្រើប្រាស់បញ្ហានេះបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ។
ក្នុង Facebook លោក កឹម សុខា បានសរសេរថា៖ “ខ្ញុំសូមគាំទ្រចំពោះកម្ពុជាយើង ដែលពេលនេះផ្តល់អាទិភាព ដើម្បីរួមគ្នាប្រយុទ្ឋប្រឆាំងជម្ងឺ Covid-19 និងសូមលើកទឹកចិត្តដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្មបានជោគជ័យជូនជាតិ និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេសខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយត្ន័ទប់ស្កាត់នូវជំងឺរាតត្បាតនេះ”៕ ដោយ៖សិលា