ភ្នំពេញ ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រារព្ធទិវា ASEM DAYនៅថ្ងៃស្អែកនេះ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសយុវជន កម្ពុជា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ឆ្នាំ២០២០ និង ព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ដែលព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធធ្វើក្នុងនាមជាម្ចាស់ផ្ទះ និង ភលានុវត្តភាពកើតចេញពីព្រឹត្តិការណ៍ទាំងនេះ សម្រាប់យុវជនកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ព័ត៌មាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ។
សេចក្តីជូនដំណឹងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធទិវា ASEM DAY នៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅបរិវេណខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសយុវជន កម្ពុជា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ឆ្នាំ២០២០ និង ព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ដែលព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធធ្វើក្នុងនាមជាម្ចាស់ផ្ទះ និង ភលានុវត្តភាពកើតចេញពីព្រឹត្តិការណ៍ទាំងនេះ សម្រាប់យុវជនកម្ពុជា។
ព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ឆ្នាំ២០២០ នេះផងដែរ មានដូចជា ៖
១. កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប
២. កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប
៣. វេទិកាប្រជាជនអាស៊ី-អឺរ៉ុប ៤. បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប
៥. វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប
៦. វេទិកាការងារអាស៊ី-អឺរ៉ុប
៧. កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប
ទិវា ASEM DAY នេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សិស្ស-និស្សិត និងការបើកទូលាយឱ្យសាធារណជនបានចូលទស្សនា ដើម្បីស្វែងយល់អំពីព្រឹត្តិការណ៍នេះ អមជាមួយនឹងកម្មវិធីសំខាន់ៗដូចជា ការទស្សនាស្តង់ពិព័រណ៍និងឆ្លើយសំណួរងាយៗយករង្វាន់ ការសម្តែងសៀក ការថតរូបនិងសុំហត្ថលេខាជាមួយកីឡាករឆ្នើមៗ កិច្ចសន្ទនាវាគ្មិនពាក់ព័ន្ធនឹង ASEM ការសម្តែង សិល្បៈ និងការប្រគុំតន្ត្រី ជាដើម ៕