ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកស្រី សួរ សុខគីម អញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការងារ លើកកម្ពស់សមភាពយេនឌ័រ”។
មន្ត្រីបានអោយដឹងថា៖ ធនាគារអភិវឌ្ឍន៍ជនបទ៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ នេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកស្រី សួរ សុខគីម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “មានសន្តិភាព មានការងារ លើកកម្ពស់សមភាពយេនឌ័រ” ដែលមានបុគ្គលិកចូលរួមប្រមាណ ជិត៩០នាក់។
សូមរម្លឹកថា៖ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ មានការកើនឡើងជាលំដាប់ពីចំនួន៥៤នាក់ ដល់១១៤នាក់ ដែលក្នុងនោះបុគ្គលិកជាស្ត្រីមានកំណើនពីចំនួន ១១នាក់ ស្មើនឹង២៣% ដល់ចំនួន៣៦នាក់ស្មើនឹង៣២% នៃចំនួនបុគ្គលិកសរុប។ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំធនាគារ បុគ្គលិកជាស្ត្រីត្រូវបានផ្តល់ឱកាសក្នុងការចូលរួមដោយស្មើភាពទាំងក្នុងកម្រិតការងារទូទៅ និងក្នុងកម្រិតការងារបច្ចេកទេស ។ ទន្ទឹមនេះ បុគ្គលិកជាស្ត្រីត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារ និងក៏ដូចជាចូលរួមលើកកម្ពស់សមភាពយេនឌ័រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ធនាគារអភិវឌ្ឍនន៍ជនបទ បានដាក់ចេញនូវគោលការណ៍ និងបទប្បញ្ញាត្តិមួយចំនួនដើម្បីជួយសម្រួលការងារដល់បុគ្គលិកជាស្ត្រីផងដែរ។
លោក កៅ ថាច បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ តែងតែផ្តល់ឱកាសឱ្យស្ត្រីមាន តួនាទី ក្នុងជួររាជរដ្ឋាភិបាល ក្នុងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ហើយក្នុងនោះស្ត្រីបានទទួលឋានៈ និងតួនាទីជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង ស្ថាប័ននានា អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទី ឬអនុប្រធានមន្ទី ដែល ការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដល់ស្ត្រី លើសកម្មភាពសង្គម តាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។ ជាមួយគ្នានេះដើម្បីលើកកម្ពស់សមភាពយេនឌ័រ ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានផ្តល់ឱកាសដល់បុគ្គលិកជាស្ត្រីចូលរួមគ្រប់សកម្មភាពការងាររបស់ធនាគារ និងផ្តល់មុខតំណែងសំខាន់ៗមួយចំនួន ដែលធ្វើឱ្យចំនួនថ្នាក់ដឹកនាំជាស្ត្រីក្នុងធនាគារកើនដល់៣២%។ ឯកឧត្តម មានជំនឿជាក់ថានៅឆ្នាំបន្តបន្ទាប់កំណើនបុគ្គលិកស្ត្រីរបស់ធនាគារនឹងមានការកើនឡើងបន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក អគ្គនាយក បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់បុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
តាមរយៈទិវានេះផងដែរ លោកអគ្គនាយក ក៏បានសំណូមពរឱ្យបុគ្គលិកទាំងអស់ ត្រូវជ្រួតជ្រាបអំពីបញ្ហា យេនឌ័រ មានស្មារតីសាមគ្គីភាព ចូលរួមសហការបំពេញការងារ ដើម្បីធ្វើឱ្យធនាគារអភិវឌ្ឍន៍ជនបទមានភាពរីកចម្រើនទៅមុខជានិរន្ត។
ជាការលើកទឹកចិត្តដល់ការខិតខំបំពេញការងារ និងដើម្បីអបអរទិវានារីអន្តរជាតិ៨ មីនា លោក កៅ ថាច និងលោកស្រី បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់បុគ្គលិកជាស្ត្រីផងដែរ៕ សហការី