ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្ដែង យិន ទេពវិសាល ត្រៀមវិលវិញជាមួយស្នាដៃថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រស់សង្ហា យិន ទេពវិសាល បានបាត់មុខពីសិល្បៈមួយរយៈដើម្បីបំពេញការងារផ្ទាល់ខ្លួនមួយ។ តារារូបនេះបានប្រកាសត្រៀមវិលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីជាមួយនឹងស្នាដៃមួយចំនួន។

យិន ទេពវិសាល ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានស្គាល់ក្រោយពីលោកបានចូលប្រឡងក្នុងកម្មវិធីស្ពានលេខ១១ ក្នុងឆ្នាំ ២០១៦ ដោយទទួលបានចំណាត់ថ្នាក់លេខ៣។ តារារូបនេះទទួលបានឱកាសសម្តែង ក្នុងបទចម្រៀង ភាពយ​ន្ត  និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ។ លោកថាបាត់មុខមួយរយៈព្រោះលោកមានការងារត្រូវបំពេញ ហើយក៏ខកខានជិត១ឆ្នាំ។ តារារូបនេះថា លោកនឹងវិលរកការសម្តែងជាថ្មីក្នុងភាពយន្តខ្នាតធំមួយក្នុងអំឡុងចុងខែមីនានេះ ប៉ុន្តែលោកស្នើលាក់ចំណងជើងភាពយន្ត។​លោកថាមានផលិតករមួយចំនួនយល់ថាការបាត់មុខរបស់លោកអាចនឹងបញ្ចប់ជីវិតសិល្បៈ ទើបស្ងប់ស្ងាត់ ប៉ុន្តែលោកមិនបានបោះបង់ចោលការងារដែលលោកពេញចិត្តខ្លាំងមួយនេះបានទេ។ លោកថាលោកនឹងបញ្ចេញស្នាដៃសម្តែងថ្មីក្នុងពេលដ៏ខ្លី ជាមួយនឹងការបន្ថែមបទចម្រៀងផ្ទាល់ខ្លួនខ្លះផងដែរ។

តារារូបនេះលើកឡើងដែរថាការប្រកាសចេញថតជាថ្មីនេះលោកនឹងរំពឹងថានឹងទទួលបានឱកាសបញ្ចេញសមត្ថភាពសម្តែងម្តងទៀតបម្រើការកម្សាន្តរបស់ទស្សនិកជន ហើយលោកសង្ឃឹមដែរថានឹងទទួលបានការពេញចិត្តច្រើនទពីទស្សនិកជន៕ ដោយ វឌ្ឍនា


ចែករំលែក៖