ភ្នំពេញ៖ បន្ទាបពីក្រសួងសុខាភិបាលកម្ពុជា បានផ្អាកមិនឱ្យជនបរទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ កាលពីម្សិលមិញ ហើយចាប់អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា នោះ ។ នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ខាងមុខ។
ក្រសួងសុខាភិបាលបានប្រកាសបែបនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពិចារណាពិនិត្យឡើងវិញ រឿងជនបរទេសមកពីប្រទេសអុីរ៉ង់ ។ ដោយសម្តេចថ្លែងនាពិធីបុណ្យទន្លេពីខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៤ ខែមីនា នេះ សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា ចំណុចកណ្តាលនៃការផ្ទុះ COVID-19 គឺស្ថិតនៅតំបន់អឺរ៉ុប មិនមែនចិនទៀតនោះឡើយ ខណៈបច្ចុប្បន្ន ចិនកំពុងព្យាយាមជួយដល់ប្រទេសដទៃ ជាពិសេសអ៊ីតាលី ក្នុងការទប់ស្កាត់ការរាលនេះ។ ទីបំផុត ក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ ដូចជាប្រទេស អាមេរិក បារាំង អុីតាលី អាល្លឺម៉ង់ អេស្បាញ សរុបមាន៦ប្រទេសហើយ៕
ដោយ៖ សុខ ខេមរា