ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីភរិយានាយករដ្ឋមន្ត្រីកាណាដា ឈានដល់ភរិយានាយករដ្ឋមន្រ្តីអេស៉្បាញឆ្លង COVID-19 ដែរ

ចែករំលែក៖

ទីក្រុងម៉ាឌ្រីដ៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ រដ្ឋាភិបាលប្រទេសអេស៉្បាញទើបតែប្រកាសឲ្យដឹងថា ភរិយារបស់នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បានឆ្លង COVID-19។
រដ្ឋាភិបាលអេស៉្បាញបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះថា «ការធ្វើតេស្ត COVID-19 បានប្រព្រឹត្តទៅនៅវិមាន Moncloa សម្រាប់បុគ្គលដែលជិតស្និទ្ធបំផុតនឹងលោកនាយករដ្ឋមន្រ្តី ហើយភរិយាលោក គឺលោកស្រី ដូណា បេហ្គោណា ហ្គោម៉េស (Dona Begona Gomez) ក៏ត្រូវបានពិនិត្យឃើញថា មានផ្ទុក COVID-19»។
លោកនាយករដ្ឋមន្រ្តី និងលោកស្រី Gomez គឺមានស្ថានភាពសុខភាពល្អធម្មតា ប៉ុន្តែអ្នកទាំងពីរនឹងបន្តស្ថិតនៅក្នុងវិមាន Moncloa ហើយអនុវត្តតាមវិធានការការពារផ្សេងៗ ដែលរៀបចំឡើងដោយអាជ្ញាធរសុខាភិបាលអេស៉្បាញ។
សូមបញ្ជាក់ថា៖ ក្រោយពីអ្នកឆ្លង COVID-19 បានកើនដល់៦,២៥០នាក់ អេស៉្បាញទើបតែបានប្រកាសបិទប្រទេសមួយផ្នែក ដែលវា ជាផ្នែកមួយនៃការដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១៥ថ្ងៃ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19។

ដោយឡែក ភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏ឆ្លង កូវីដ-១៩ដែរ។ នេះបើយើងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន AP នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា៖ លោកជំទាវរបស់លោកនាយករដ្ឋមន្ត្រីប្រទេសកាណាដា ផ្ទុកវីរុស COVID-19 ។
ប្រភពបានបញ្ជាក់ថា «លោកស្រី Sophie Gregorie Trudeau ភរិយារបស់នាយករដ្ឋមន្ត្រី Justin Trudeau នៃប្រទេសកាណាដា ក្រោយពីបានធ្វើរោគវិនិច្ឆ័យ ឃើញវិជ្ជមាន កូរ៉ូណាវីរុស» ។

ចំណែកនាយករដ្ឋមន្ត្រី ក៏អាចឆ្លងវីរុសនេះផងដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖