ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីទៀតហើយ នៅលើខ្លួនជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ដែលចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ។
បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល បុរសជនជាតិបារាំងអាយុ៣៥ឆ្នាំនេះ មានប្រពន្ធ និងកូនអាយុ៤ខែ សរុបមានគ្នា ៣នាក់ បានហោះចេញពីទីក្រុងប៉ារីស ប្រទេសបារំាង ទៅប្រទេសសាំងហ្គាពួរ កាលពីថ្ងៃទី១៣ ខែមីនា ដោយបុរសបារាំងរូបនេះមានអាការៈក្តៅខ្លួន ហើយអាជ្ញាធរសង្ហបុរីបានយកសំណាករបស់គាត់ទៅពិនិត្យ។ ក្នុងពេលចាំលទ្ធផល ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យគាត់ទៅណាទៀតទេ ដោយរង់ចាំរហូតលទ្ធផលចេញសិន ប៉ុន្តែនៅពេលមានការប្ដូរវេនតាមដានសុខភាព រូបគាត់ក៏ត្រូវបានគេជម្រាបថា គាត់អាចធ្វើដំណើរបាន ហើយលទ្ធផលអាចផ្ដល់ជូនតាមក្រោយ។ បុរសអាយុ៣៥ឆ្នាំនេះ ក៏បានហោះចេញពីសាំងហ្គាពួរមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ ពេលគាត់ធ្វើដំណើរគាត់ពាក់ម៉ាស់ ហើយអត់មានកំដៅខ្លួនទេ ហើយបានមកដល់ផ្ទះប្រហែលម៉ោង១០ ព្រឹកថ្ងៃដដែល។
ក្រោយចេញលទ្ធផលធ្វើតេស្តរបស់គាត់ នៅសិង្ហបុរីឃើញថា វិជ្ជមានកូវីដ១៩ នារសៀលថ្ងៃទី១៤ ខែមីនា ក្រសួងក៏បានស្រាវជ្រាវភ្លាម រកឃើញបុរសនោះនៅវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃដដែល។ បន្ទាប់មកក្រុមគ្រូពេទ្យកម្ពុជា ក៏បានយកសំណាករបស់គាត់ ប្រពន្ធ និងកូនគាត់ទៅពិនិត្យនៅយប់ថ្ងៃដដែលម្តងទៀត។ ភរិយា និងកូនបុរសជនជាតិបារាំងរូបនេះ ត្រូវដាក់នៅបន្តតាមដានសុខភាពរយៈពេល១៤ ថ្ងៃ នៅផ្ទះរបស់គាត់ម្ដុំសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាក់របស់ពួកគាត់នៅវិទ្យាស្ថានប៉ាស្ទ័រ។
លទ្ធផលជាស្ថានប៉ាស្ទ័រកម្ពុជានៅម៉ោង ២រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះបង្ហាញថា បុរសជនជាតិបារាំងអាយុ៣៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩ ហើយប្រពន្ធ និងកូនរបស់គាត់តម្រូវឲ្យរង់ចាំលទ្ធផលបន្តទៀត។ បច្ចុប្បន្នបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំ រូបនោះត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។
ក្រុមការងារក្រសួងសុខាភិបាល បាន និងកំពុងស្រាវជ្រាវរកអ្នកប៉ះពាល់ ហើយរកឃើញថា អ្នកនៅលើយន្តហោះចំនួន ៨នាក់សុទ្ធសឹងតែជាជនបរទេស បានសំចតរង់ចាំជើងយន្តហោះទៅប្រទេសផ្សេងៗ តែមិនមានចូលមកកម្ពុជាទេ។ សរុបអ្នកនៅលើយន្តហោះមកភ្នំពេញមានចំនួន ២៤នាក់ រាប់ទាំងប្រពន្ធ និងកូនគាត់ផង និងបុគ្គល២នាក់ផ្សេងទៀតជាអ្នកទំនាក់ទំនងនឹងពួកគាត់ទៅផ្ទះ ដូច្នេះសរុប ២៦នាក់។
ក្រុមការងារក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវជាបន្តទៀត ហើយនឹងបន្តជម្រាបជូនដល់សាធារណជនប្រសិនបើរកឃើញករណីវិជ្ជមានជាថ្មីណាមួយទៀត។
បន្ថែមមួយករណីថ្មីនេះ ធ្វើឲ្យកម្ពុជាបានរកឃើញអ្នកកើតជំងឺ Covid-19 ចំនួន៨ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ៕