ភ្នំពេញ៖ មង្គលការតារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា និងផលិតករភាពយន្តល្បីឈ្មោះនោះ បានរៀបចំធ្វើតាមកំណត់ដោយចាប់ផ្តើមរៀបចំពិធីសូត្រមន្តកាលពីរសៀលថ្ងៃទី១៥ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ។ តាមការគ្រោងទុកមង្គលការនាងមានភ្ញៀវប្រមាណជាង១ពាន់នាក់ ស្របពេលដែលគូស្វាមីភរិយាថ្មីនេះមិនបានរំសាយពិធីនេះទេបើទោះបីជាមានការភ្ញាក់ផ្អើលខ្លះរឿងជំងឺ Covid -19 ក៏ដោយ។
ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកអំពីពិធីមង្គលការមួយចំនួនអវត្តមានភ្ញៀវចូលរួមច្រើនរហូតធ្វើឲ្យម្ចាស់ដើមការខាតបង់ និងសល់ម្ហូបមិនតិចតុទេ។ ជាមួយគ្នានេះក៏មានគូស្នេហ៍ខ្លះបានសម្រេចិត្តលប់ចោលពិធីមង្គលការទាំងអារម្មណ៍សោកស្តាយព្រោះតែបារម្ភ នឹងជំងកូរ៉ូណា ឬCovid -19 នោះ។ ទោះជាយ៉ាងណាមានសិល្បករតិចតួចប៉ុណ្ណោះដែលបានប្រកាសក្នុងការផ្អាកចូលរួមកម្មវិធីជួបជុំជប់លៀង ឬមង្គលការនោះ។ ថ្មីៗនេះពិធីឡើងផ្ទះថ្មីរបស់តារាកំប្លែង នាងកាតុ ក៏មានភ្ញៀវជាសិល្បករចូលរួមច្រើនកុះករផងដែរ ដូចនេះតារាសម្តែង តូតា ក៏មិនមានការបារម្ភចំពោះការខកខានរបស់ភ្ញៀវដែរ។ តូតា និងស្វាមីក៏ជាសិល្បករ ផលិតករដែលឧស្សាហ៍លេចវត្តមានក្នុងពិធីជប់លៀងជួបជុំនានានោះ ដែរដែលកាន់តែធ្វើឲ្យពួកគេមានទំនុកចិត្តខ្ពស់ ខណៈ ការកក់ទីតាំងពិធី អាហារ សម្អាងការ និងផ្នែកផ្សេងៗនៃពិធីមង្គលការត្រូវបានកក់មុន ជាស្រេច ហើយពួកគេគ្រោងចាយមិនក្រោម១០ម៉ឺនដុល្លារនោះដែរ។ ក្នុងពិធីចូលរោងជ័យរបស់ពួកគេនៅល្ងាចថ្ងៃទី១៥ ខែមីនា នេះគេក៏សង្កេតឃើញវត្តមានភ្ញៀវចូលរួមច្រើនកុះករផងដែរ។ រោងពិធីរបស់ តារាសម្តែងរូបនេះត្រូវបានរៀបចំយ៉ាងប្រណីត ដូចឋានសួគ៌ក្រោមមេឃ និងមិនចាញ់កម្មវិធីមង្គលការតារាល្បីៗកាន់ពីឆ្នាំមុននោះឡើយ។
គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង”ចន្ទ្រា” របស់ផលិតកម្មAngkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ។ថ្មីៗនេះ តូតាបានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជាបើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយទុនអស់រាប់សែនដុល្លារទៀតផង។ គិតត្រឹមថ្ងៃទី១៥ ខែមីនានេះផងដែរកម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគCovid-19ចំនួន៨នាក់រួចមកហើយក្នុងនោះគេរកឃើញជនជាតិខ្មែរមានតែម្នាក់ប៉ុណ្ណោះ៕ ដោយ វឌ្ឍនា