ព័ត៌មានទាន់ហេតុការណ៍៖

នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាម មិនឱ្យចូលចតនោះ ពេលនេះមកដល់ច្រកក្អមសំណ

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាម មិនឱ្យចូលចតនោះ នឹងត្រឡប់មកដល់ច្រកក្អមសំណ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា នាវាទេចរណ៍ទាំង៤គ្រឿងនេះ ពេលមកដល់ច្រកក្អមសំណ នឹងមិនទាន់អនុញ្ញាតឱ្យចូលច្រាំងនោះឡើយ គឺទុកនៅចម្ងាយប្រមាណពីរគីឡូម៉ែត្រពីច្រាំង។

ក្រៅពីនាវាទេសចរណ៍៤គ្រឿងដែលត្រឡប់មកពីប្រទេសវៀតណាមនោះ នៅច្រកក្អមសំណបច្ចុប្បន្ននេះកំពុងមាននាវាទេចរណ៍មួយគ្រឿងចតនៅទីនោះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល បានអះអាងថា ក្នុងចំណោមនាវាទេសចរណ៍ទាំង៥គ្រឿង ដែលនឹងត្រូវចតនៅច្រកក្អមសំណនេះ (មួយគ្រឿងកំពុងចតនៅក្អមសំណរួចហើយ) នាវា៣គ្រឿង មានអ្នកទេសចរ។ ដោយឡែកនាវាពីរគ្រឿងទៀតមានតែអ្នកបម្រើការងារលើនាវា និងនាវិក មិនមានអ្នកទេសចរនោះឡើយ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាវាទាំង ៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះអ្នកទេសចរ ៧៧នាក់, អ្នកបម្រើការងារ និងនាវិក ១២៣នាក់។
សូមបញ្ជាក់ថា ការវិលត្រឡប់របស់ទេសចរណ៍ចំនួន៤គ្រឿង មកច្រកក្អមសំណវិញនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសវៀតណាម មិនអនុញ្ញាតឱ្យចូលចតដាក់ភ្ញៀវ។

គួរបញ្ជាក់ថា ករណីខាងលើនេះបានកើតឡើង បន្ទាប់ពីលោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានរៀបរាប់លើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ថា របស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។
ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។ បន្ទាប់ពីវៀតណាមមិនអនុញ្ញាតឱ្យចូលចត លោក ផាន សុបិន្ត ក៏បានសុំសម្តេចតេជោជួយអន្តរាគមន៍លើបញ្ហានេះ។
ក្រោយទទួលសំណើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាភ្លាមៗទៅលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យអន្តរាគមន៍ដោះស្រាយបញ្ហានេះ។
ទាំងលោក ផាន សុបិន្ត ក៏ដូចជាអ្នកបម្រើការងារនៅលើនាវា បានរីករាយជាខ្លាំងក្រោយទទួលបានការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលឱ្យពួកគេបានត្រឡប់មកប្រទេសវិញ៕ ស តារា


ចែករំលែក៖