ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូមួយគ្រឿងជ្រុលបុកជាមួយរុឺម៉កសណ្តោងចំពីចៀងពេញទំហឹង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដោយហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ជិតវត្តហារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU 0777 ធ្វើតាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតលុះមកដល់ចំណុចបំបែកជាបីស្របពេលមានបុរសម្នាក់ផ្សេងទៀតបានជិះម៉ូតូសណ្តោងរុឺម៉កដឹកទំនិញមួយគ្រឿងកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយភាគីរុឺម៉កបានបត់ឆ្វេងដៃឆ្លងផ្លូវក៏ត្រូវភាគីម៉ូតូបុកចំពាក់កណ្តាលរុឺម៉កពេញទំហឹង បណ្តាលបុរសម្ចាស់ម៉ូតូឌ្រីមសង់បោកក្បាលស្លាប់ភ្លាមៗ ចំណែកអ្នកជិះម៉ូតូរងរបួសស្រាលបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ឬឯម៉ូតូនឹងរុឺម៉កបានរួញជាប់គ្នារងការខូចខាត។
សមត្ថកិច្ចបានឲ្យដឹងថាសាកសពបុរសដែលស្លាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមានឈ្មោះ ងិន ឃ្លុយ ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតឃុំស្មោងខាងត្បូង ស្រុកកំចាយមា ខេត្តស្វាយរៀង ។ សមត្ថកិច្ចបានបន្តថា ចំពោះម៉ូតូនឹងរុឺម៉ក ត្រូវបានធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ។ ចំណែកសពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ