អាល្លឺម៉ង់ជាប្រទេសឈរលំដាប់ទីបីនៅតំបន់អឺរ៉ុប បន្ទាប់ពីអុីតាលីនិងអេស្ប៉ាញ ដោយក្នុងប្រទេសអាល្លឺម៉ង់មានអ្នកសា្លប់១១នាក់ និងឆ្លងរាលដាលដល់មនុស្សជាង៥៨០០នាក់។ ជាមួយគ្នានេះអាល្លឺម៉ង់ក៏បានសម្រេចបិទព្រំដែន ជាមួយបារាំង ស្វីស និង ប្រទេសអូទ្រីស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង។
ក្នុងពេលកំពុងដុតដៃដុតជើង ទប់ស្កាត់ កូវីដ-១៩ ក៏មានលេចចេញព័ត៌មានថា អាមេរិកបានទិញសិទ្ធផលិតវ៉ាក់សាំងប្រឆាំងកូវីដពីក្រុមហ៊ុនអាល្លឺម៉ង់ផ្តាច់មុខ ធ្វើឲ្យរដ្ឋាភិបាលនិងពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល្លឺម៉ង់ លោក Horst Seehofer បានឲ្យដឹងថា អធិការបតី Agela Merkel ខឹងយ៉ាងខ្លាំង ដោយកោះប្រជុំជាបន្ទាន់ នៅថ្ងៃទី១៦ខែមីនានេះ បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុនផលិតឱសថ CureVac បានព្រមព្រៀងលក់ផ្តាច់មុខ ថ្នាំប្រឆាំងកូវីដ-១៩ ឲ្យទៅអាមេរិក។
លោក Horst Seehofer បានបញ្ជាក់ថា កូវីដ-១៩ មិនត្រឹមតែជាវិបត្តិ សុខាភិបាលសាធារណៈនោះឡើយ គឺជាបញ្ហាសន្តិសុខជាតិ ។ លោកបន្តទៀតថា រដ្ឋាភិបាលត្រូវធានាដល់ ស្បៀងអាហារ និងថ្នាំព្យាបាលទៀតផង មិនត្រូវលក់សិទ្ធផ្តាច់មុខនាពេលនេះឡើយ។
សារព័ត៌មាន Die Welt បានផ្សាយថា លោកត្រាំបាន បានចំណាយប្រាក់១ពាន់លានដុល្លារទិញវ៉ាក់សាំងផ្តាច់មុខពីក្រុមហ៊ុនអាល្លឺម៉ង់។ សារព័ត៌មាននេះបានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះបញ្ចាក់ថា វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ផលិតសម្រាប់តែអាមេរិកប៉ុណ្ណោះ មិនអាចចែកចាយទៅប្រទេសផ្សេងសូម្បីតែអាល្លឺម៉ង់។
កាលពីថ្ងៃទី ២ខែមីនា ប្រធានក្រុមហ៊ុនផលិតឱសថ CureVac លោក Daniel Menichella បានទៅកាន់សេតវិមានជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី Mike Pence។
ប៉ុន្តែអ្នកនាំពាក្យសេតវិមានបានច្រានចោល ការលើកឡើងខាងលើ ដែលថាអាមេរិក ទិញផ្តាច់មុខ វ៉ាក់សាំងពីអាល្លឺម៉ង់នោះ ៕