ក្រុមអ្នកវិទ្យាសាស្ត្រនៅគ្រប់ទិសទីជុំវិញពិភពលោក បានខិតខំ ស្រាវជ្រាវ ទាំងថ្ងៃទាំងយប់ដើម្បី រកវ៉ាក់សាំង បង្ការ វិរុសកូវីដ-១៩ ដោយរយៈពេល ជិត ៣ខែកន្លងមក នៅមិនទាន់រកឃើញនៅឡើយទេ ។ ប្រទេសមួយចំនួន ក៏បានរកឃើញ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលសាកល្បងទៅលើសត្វ ។ ដូច្នេះថ្នាំព្យាបាលវីរុសកូវីដ-១៩ និងត្រូវចំណាយពេលជាច្រើនខែទៀត។
ប៉ុន្តែនៅពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិន មានសុទិដ្ឋិនិយម អំពីវាក់សាំង កូវីដ-១៩ មួយ ក្រោយ ការរកឃើញថា សត្វស្វា ដែល ឆ្លង កូរ៉ូណាវីរុស បានអភិវឌ្ឍន៍ ភាពសាំ ទៅនឹងជំងឺ បន្ទាប់ពីបានជាសះស្បើយ ។ មានន័យថា កូវីដ-១៩ មិនអាចវាយប្រហារសត្វស្វាបានឡើយ បើទោះបីឆ្លងដល់ស្វាក្តី។
ក្រុមអ្នកវិទ្យាសាស្ត្រ របស់ បណ្ឌិតសភា វិទ្យាសាស្ត្រ វេជ្ជសាស្ត្រចិន បានរកឃើញថា នៅពេលដែលសត្វស្វា បួនក្បាលបានឆ្លងជំងឺ កូវីដ-១៩ ពួកវា អភិវឌ្ឍន៍ ទៅរក ផ្តាសាយ, ពិបាកដកដង្ហើម ហើយនិង បាត់បង់ ចំណង់ អាហាររបស់ពួកវា ។ ជំងឺនេះ បានវិវឌ្ឍន៍ ទៅរកសកម្មភាព ធ្ងន់ធ្ងរ រយៈពេល ៣ថ្ងៃ បន្ទាប់ពីការឆ្លង ។ ប៉ុន្តែ នៅអំឡុងរយៈពេល ១៤ថ្ងៃក្រោយមក កម្រិតធ្ងន់ធ្ងរ នៃជំងឺនេះ ស្រាប់តែមិនត្រូវបានរកឃើញទៅវិញ នៅក្នុងខ្លួនសត្វស្វា ទាំងនោះ ។
នៅប្រហែល មួយខែក្រោយមក, សត្វស្វា២ក្បាល ដែលបានជាសះស្បើយ ទាំងស្រុងនោះ ស្រាប់តែ ឆ្លងជំងឺនេះ សារជាថ្មី តាមរយៈមាត់របស់ពួកវា ។ អ្នកស្រាវជ្រាវ បានរកឃើញថា សីតុណ្ហភាព រាងកាយ របស់ពួកវា មានកើនកម្តៅ បន្តិច ក្រោយពីឆ្លងជំងឺ, ប៉ុន្តែនោះ គ្រាន់តែជារោគសញ្ញាប៉ុណ្ណោះ ដែលបានលេចឡើង ។ លុះនៅប្រហែល ២សប្តាហ៍ ក្រោយមក សត្វស្វា ទាំងនោះ ត្រូវបានរកឃើញថា មានអង្គប្រឆាំង នឹងជំងឺ (អង្គបដិប្រាណ) ខ្ពស់បំផុត, ជាការបង្ហាញថា ប្រព័ន្ធភាពសាំរបស់ពួកវា គឺបានត្រៀម នៅក្នុងការប្រឆាំង ទៅនឹងវីរុសនេះ ។
ការពិសោធន៍ដទៃផ្សេងទៀត របស់ក្រុមវិទ្យាសាស្ត្រ ដដែលនេះ បានរកឃើញទៀតថា សត្វស្វា អាចត្រូវបានឆ្លង ជំងឺកូវីដ-១៩ តាមរយៈភ្នែក របស់ពួកវា ហើយក៏ជាការ កំណត់បានផងដែរថា ការពាក់មាស់ មិនអាច គ្រប់គ្រាន់ នៅក្នុងការការពារ ពីការឆ្លងវីរុស បានឡើយ ។
ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវ Qin Chuan បានបញ្ជាក់ថា «លទ្ធផលទាំងនេះ គឺ មានសារសំខាន់បំផុត ដាក់បញ្ចូល ក្នុងការវាយតម្លៃ ការអភិវឌ្ឍន៍ វាក់សាំង» ។ នេះបើតាមការផ្សាយ របស់ប្រភព South China Morning Post ហើយត្រូវបានប្រភព sputnik ដកស្រង់ចុះផ្សាយ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា ការរាតត្បាត ជំងឺកូរ៉ូណាវីរុស បានឆ្លងលើមនុស្សទូទាំងពិភពលោក នៃដែនដី ជាង ១៧៨ ០០០ នាក់, អ្នកស្លាប់ នៅទូទាំងពិភពលោក កើនឡើងជាង ៧ ០០០ នាក់ ។ នេះគឺជារបាយការណ៍ថ្មីចុងក្រោយបំផុត របស់សាកលវិទ្យាល័យ Johns Hopkins ។ ប្រទេសដែលមានអ្នកជំងឺស្លាប់ ច្រើនបំផុតគឺចិន, អ៊ីតាលី, អ៊ីរ៉ង់ និងអេស្ប៉ាញ ៕ ម៉ែវ សាធី