ប្រធានាធិបតីដូណាល់ ត្រាំរងការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន ក្រោយពេល លោក ហៅវីរុសកូវីដ-១៩ ថាជា វីរុសចិន។ សកម្មភាពខាងលើ អាចជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងថែមទៀត។
សារព័ត៌មាន ហ្គាឌៀន នៅថ្ងៃទី១៧ខែមីនានេះបានផ្សាយថា លោកត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ថា វីរុសកូវីដ-១៩ គឺជាវីរុសចិន។ លោកត្រាំបាននិយាយថា វិស័យឧស្សាហកម្មរបស់អាមេរិក មិនរងផលប៉ះពាល់នោះឡើយ ប៉ុន្តែក៏មានវិស័យអាកាសចរណ៍និងវិស័យមួយចំនួនទៀតរងផលប៉ះពាល់ ដោយសារតែវីរុសចិននេះ។
ភ្លាមៗនោះសារព័ត៌មានចិន ជាច្រើនបានវាយបកទៅវិញ ដោយចាត់ទុកថាចេតនារបស់លោកត្រាំ គឺធ្វើឲ្យទំនាក់ទំនងអាមេរិក និងចិនកាន់តែអាក្រក់ ដោយសារតែកូវីដ-១៩ ហើយធ្វើឲ្យពិភពលោកស្អប់ចិន ។ សារព័ត៌មានរបស់បក្សកុម្មុយនិស្តចិនបានផ្សាយថា លោកត្រាំ ខុសទាំងស្រុង ដែល ទម្លាក់ កំហឹងទៅលើពលរដ្ឋចិនទាំងមូល។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា អាមេរិកមានចេតនាឲ្យពិភពលោកទាំងមូលស្អប់ចិន ទើបហៅថា វីរុសចិន ។ ដោយបច្ចុប្បន្នវីរុសនេះបានឆ្លងជាង១៥០ប្រទេសជុំវិញពិភពលោក។
កន្លងមកចិន ឈរលំដាប់ទីមួយឈានមុខលើអាមេរិក ពីទំនាក់ទំនងការបរទេស ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រិយភាពរបស់ចិនកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ៕