ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យប្រពៃណី មុនចូលឆ្នាំ​ ស្លាប់២នាក់ និងរបួស​៦០០នាក់

ចែករំលែក៖

អុីរ៉ង់ជិតឈានចូលបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយនៅមុនពេលស្វាគមន៍ឆ្នាំថ្មី គឺមានពិធីប្រពៃណីជាច្រើន។ ប៉ុន្តែពិធីបុណ្យប្រពៃណីដែលប្រមូលផ្តុំគ្នាច្រើន គឺជារឿងដ៏គ្រោះថ្នាក់ បំផុតក្នុងពេលការឆ្លងរាលដាលវីរុស កើនឡើងជាបន្តបន្ទាប់។

សារព័ត៌មាន អុីរ៉ង់ បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ស្លាប់និង ៦០៣នាក់រងរបួសដោយគ្រោះថ្នាក់​ក្នុងពិធី​បុណ្យព្រះអគ្គីតាមបែបសាសនានៅក្នុងប្រទេសអុីរ៉ង់ ។

សារព័ត៌មាន​ IRNA ​បានផ្សាយថា មានមនុស្ស ២នាក់ស្លាប់និង​៦០៣នាក់រងរបួស ​ក្នុងពិធីបុណ្យ ព្រះអគ្គី (Chaharshanbe Suri)នៅអុីរ៉ង់ ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី​១៧ខែមីនា​ មុនពេលឆ្នាំថ្មី(តាមប្រតិទិនអុីរ៉ង់)។ នៅក្នុងពិធីនោះមានការលោតរំលងភ្លើង ដើម្បីឲ្យអស់ចង្រៃឆ្នាំចាស់។

អ្នកនាំពាក្យក្រុមជួយសង្គ្រោះអុីរ៉ង់លោក Mojtaba Khaledi ​បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសមាន​៣២​នាក់ របួសធ្ងន់ សង្គ្រោះបន្ទាន់។

ពលរដ្ឋអុីរ៉ង់តែងតែធ្វើពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ គឺនៅក្នុងឆ្នាំចាស់​របស់អុីរ៉ង់ ដើម្បីត្រៀមផ្លាស់ប្តូរពីឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ។ ចំពោះពលរដ្ឋអុីរ៉ង់ នេះជា ពិធីប្រពៃណីមិនអាចខ្វះបាន​មុនពេលស្វាគមន៍ឆ្នាំថ្មី​។

បើទោះបី មានការអំពាវនាវពីរដ្ឋាភិបាល កុំឲ្យប្រមូលផ្តុំគ្នា​ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ប៉ុន្តែពលរដ្ឋអុីរ៉ង់ មិនបានធ្វើតាមឡើយ នៅតែបន្ត​ប្រមូលផ្តុំគ្នាតាមបែបប្រពៃណី​។ បច្ចុប្បន្នអុីរ៉ង់មានករណីឆ្លងកូវីដ-១៩ កើតឡើងជាង​១៦០០នាក់ហើយ​ និងស្លាប់កើនឡើងដល់ ៩៨៨នាក់​។

បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់ កាលពីថ្ងៃ ទី​១៧ ខែមីនា បានផ្សាយថា អាចនឹងមានពលរដ្ឋអុីរ៉ង់ រាប់លាននាក់​ស្លាប់ដោយសារកូវីដ-១៩  ប្រសិនបើ​នៅតែបន្តធ្វើដំណើរដោយសេរីបែបនេះ ហើយមិនខ្វល់ពីការណែនាំ ស្តីពីការរក្សាសុខភាពនោះ។

លោកបណ្ឌិត Afruz Eslami បានលើកឡើងពីចំណុចមួយចំនួន ស្តីពីការ​ឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ក្នុងប្រទេសអ៊ីរ៉ង់ ។ បើឆ្លងកម្រិតធម្យមនោះ អ៊ីរ៉ង់ មានអ្នកឆ្លងយ៉ាងតិច​៣សែននាក់ និងស្លាប់ ជាង​១សែននាក់​។ ហើយបើករណីអាក្រក់បំផុតនោះ គឺពលរដ្ឋមិនគោរពទៅតាម បញ្ជារសុខាភិបាល​​ នឹងមានពលរដ្ឋ យ៉ាងតិច​៤លាននាក់ឆ្លង និង​៣,៥លាននាក់ស្លាប់​។​ ពលរដ្ឋមិនស្តាប់តាមការណែនាំ ថែមទាំងប្រព័ន្ធសុខាភិបាលទន់ខ្យោយទៀតនោះ អាចឈានដល់​គ្រោះមហន្តរាយដល់អុីរ៉ង់ ។

នៅពេលនេះដែរអុីរ៉ង់បានដោះលែងអ្នកទោស​ដល់ទៅ​៨៥.០០០នាក់ រួមទាំងអ្នកទោសនយោបាយ ដើម្បីទប់ស្កាត់ឆ្លងកូវីដ-១៩។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអុីរ៉ង់ មកទល់ពេលនេះបានកើនឡើងដល់ទៅ ៩៨៨នាក់ហើយ និងឆ្លងរាលដាលដល់មនុស្ស ១៦.១៦៩ នាក់ ក្នុងនោះមាន ជាង​៥៣០០ ព្យាបាលជាសះស្បើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌អុីរ៉ង់លោក Gholamhossein Esmaili បានបញ្ជាក់ថា អ្នកទោសដែលបានដោះលែង មានទោសស្រាល រួមទាំងអ្នកទោសនយោបាយមួយចំនួនផងដែរ​។​ ប៉ុន្តែលោកមិនបានបញ្ជាក់ថានៅពេលណាត្រូវត្រឡប់មកមន្ទីរឃុំឃាំងវិញនោះឡើយ៕


ចែករំលែក៖