ព័ត៌មានទាន់ហេតុការណ៍៖

តំបន់បៃតងនៅអុីរ៉ាក់ ដែលមានស្ថានទូតអាមេរិក បន្តរងការវាយប្រហារ ដោយរ៉ុក្កែត

ចែករំលែក៖

ក្រុមឧទ្ទាម​ បន្តវាយប្រហារដោយរ៉ុក្កែតទៅលើតំបន់ខៀវ​ក្នុងប្រទេសអ៊ុីរ៉ាក់ ។ រ៉ុក្កែត​យ៉ាងតិច​៣គ្រាប់​បានធ្លាក់នៅ​តំបន់តៃតង​ ក្នុងទីក្រុងបាដាដ​ ប្រទេសអ៊ុីរ៉ាក់ ក្បែរស្ថានទូត​អាមេរិក​​​​ប្រចាំនៅទីនោះ កាលពី​ល្ងាច​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ហើយនេះជាការវាយប្រហារលើកទី៤ ក្នុងអំឡុងប៉ុន្មានថ្ងៃ​ថ្មីៗនេះ ។ 

មួយថ្ងៃមុននេះ​ក៏មានការវាយប្រហារ​ជំរំហ្វឹកហាត់​​មូលដ្ឋាន​នៅភាគខាងត្បូង​រដ្ឋធានីបាដាដ ។ ទីនោះ ជាទីកន្លែងកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិក និង​កងកម្លាំង​ណាតូ​បានវត្តមានដើម្បី​ហ្វឹកហាត់​ ។ នេះបើតាម​មន្ត្រីសន្តិសុខអ៊ុីរ៉ាក់​ ត្រូវបានប្រភព aljazeera ដកស្រង់ចុះផ្សាយថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២០ ។ 

មន្ត្រីសន្តិសុខអ៊ុីរ៉ាក់អះអាងថា រ៉ុក្កែត​យ៉ាងតិច​៣គ្រាប់​បានធ្លាក់​នៅតំបន់តៃតង ។ ទីតាំងបៃតង ​នៅទីក្រុង​បាដាដ ប្រទេសអ៊ីរ៉ាក់នោះ គឺជាទីកន្លែង​ដែល​ស្ថានទូត​បរទេស​ និងមន្ត្រី​រដ្ឋាភិបាល​ តាំងទីលំនៅឋាននៅ​ច្រើន ​។ 

អ្នកនាំពាក្យ​កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក Myles Caggins អះអាងថា រ៉ុក្កែតនោះ​បានធ្លាក់​នៅចម្ងាយ​ប្រហែល​២គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្ថានទូត ។ មិនមាន​របាយការណ៍​គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ 

នៅល្ងាចមុននោះ រ៉ុក្កែត​ក៏បានវាយប្រហារមូលដ្ឋាន Basmaya នៅជិត​រដ្ឋធានីអ៊ុីរ៉ាក់​ផងដែរ ។ រ៉ុក្កែតនេះបានធ្លាក់នៅ​ក្បែរ​រោងចក្រមួយ ហើយជាកន្លែងដីវាល​សម្រាប់​ធ្វើកសិកម្ម ។ ព័ត៌មានលម្អិត​មិនត្រូវបានទម្លាយ​នោះឡើយ ។ 

កាលពីប៉ុន្មានថ្ងៃមុននេះ រ៉ុក្កែត​យ៉ាងតិច​២គ្រាប់​វាយប្រហារ​មូលដ្ឋានជើងអាកាស Taji របស់អាមេរិក ស្ថិតនៅ​ភាគខាងជើង​ទីក្រុងបាដាដ សម្លាប់​ទាហាន​៣នាក់ ក្នុងនោះ​ទាហានអាមេរិក​២នាក់ និងអង់គ្លេសម្នាក់ ។ 

ការវាយប្រហារនេះ​នាំឲ្យអាមេរិកវាយបកសងសឹកវិញ​ប្រឆាំងទៅលើអ្វីដែលអាមេរិក​គិតថា ជាទីតាំងឃ្លាំង​អាវុធ​របស់​ក្រុម​ជីវពល Kataib ហេសប៊ូឡោះ ។ ក្រុមនេះ មានការគាំទ្រ​ពី​អ៊ុីរ៉ង់ ដែលអាមេរិកជឿជាក់ថា ជាអ្នកទទួលខុសត្រូវ​វាយប្រហារ​ដោយរ៉ុក្កែតទាំងនោះ​ចូលមកកាន់តំបន់បៃតង ។ 

យោធាអ៊ីរ៉ាក់ថា អាមេរិក​វាយប្រហារសងសឹក​ បាន​សម្លាប់​កងសន្តិសុខ​អ៊ុីរ៉ាក់​៥នាក់ និងជនស៊ីវិល​ម្នាក់ និងរបួស​៥នាក់​ ដែលជាកងកម្លាំង​ចល័ត PMF (Popular Mobilisation Forces)។ PMFជាអង្គការ​ដំបូលឆត្រមួយ​របស់​ក្រុមជីវពលដទៃផ្សេងៗទៀត ក្នុងនោះ​មានក្រុមជីវពល​ដែល​គាំទ្រដោយអ៊ុីរ៉ង់​ផងដែរ ។ 

អ៊ុីរ៉ង់​បានគាំទ្រ​ក្រុមជីវពល​និកាយស៊ីអ៊ីដ បានប្តេជ្ញា​សងសឹក​ដ៏ជាក់លាក់ ហើយដែលការប្តេជ្ញានេះនាំឲ្យ​មានសញ្ញា​ណថា ហិង្សា​នឹងកើនឡើង​បន្ថែមរវាង​ទីក្រុង​តេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន​នៅលើទឹកដីអ៊ុីរ៉ាក់ ៕ ម៉ែវ សាធី


ចែករំលែក៖