ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការ មើលមេជញ្ជីងថ្លឹងរថយន្តស្រុកស្នួលផង

ចែករំលែក៖

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ ខេត្តក្រចេះ មួយចំនួនបានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ ស្ថិតនៅតាមផ្លូវជាតិលេខ៧ ស្រុកស្នូល ខេត្តក្រចេះ កំពុងសាងភាពល្បីល្បាញខាងពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក នូ សុវណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត នោះគឺមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូន។ ក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានអំពាវនាវឲ្យលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកខ្លះផង។ ក្រុមឈ្មួញ និងក្រុមអាជីវករបានបញ្ជាក់ថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលមិនលើសទម្ងន់ក៏ដោយក៏ចសមិនផុតពីបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកនោះដែរ។ ចំណែកឈ្មួញប្រើរថយន្ត ធំៗផ្ទុកលើសទម្ងន់នៅតែអាចបើកបរឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ បានយ៉ាងរលូន ឲ្យតែបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្តមានជ័យ។ ប្រភពស្និទ្ធនឹងលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នលោក នូ សុវណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ ក្លាយជាប្រភពចំណូលដ៏សំខាន់របស់លោក សាំង ប៊ុនថេន តែម្តង។ ប្រភពខ្លះ សង្ស័យថា លោក សាំង ប៊ុនថេន ចំណាយដើមទុនច្រើនក្នុងការទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តក្រចេះ ទើបបណ្តោយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីង ថ្លឹងលុយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ ដែលធ្លាប់ព្រមានចាត់វិធានការទៅលើប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្ត ដែលល្បីខាងពុករលួយមិនគួរមើលរំលងលោក នូ សុវណ្ណា ប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្តមានជ័យ នោះទេ៕


ចែករំលែក៖