ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ពេជ ចន្ទមុន្នី ចាត់ទុកថា កម្លាំងយុវជនស្ម័គ្រចិត្ត គឺជាវីរបុរសខ្សែត្រៀមទី១ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតឯកទេស និងអ្នកស្ម័គ្រចិត្ត តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ថ្លែងក្នុងពិធីសំណេះសំណាលនោះថា៖ ការជួបជុំសំណេះសំណាលនាពេលនេះ គឺជាការអំពាវនាវឲ្យនិស្សិតឯកទេស និងអ្នកស្ម័គ្រចិត្តចូលរួមសកម្មភាពមនុស្សធម៌ដោយស្ម័គ្រចិត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលតាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។
លោកស្រីលើកឡើងថា៖ កម្លាំងស្ម័គ្រចិត្តនាពេលនេះគឺជាវីរបុរសខ្សែត្រៀមទី១ ដើម្បីចូលរួមត្រៀមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
លោកស្រី ពេជ ចន្ទមុន្នី បន្តថា ក្រសួងសុខាភិបាលបានត្រៀមសម្ភារៈបច្ចេកទេស និងការបណ្ដុះបណ្ដាលត្រឹមត្រូវ ដែលនេះគឺជាការទទួលខុសត្រូវចំពោះកម្លាំងស្ម័គ្រចិត្ត តាមរយៈសមាគមTYDA ដែលការស្ម័គ្រចិត្តនេះ បានចេញពីបេះដូង ពីឆន្ទ: ដើម្បីរួមគ្នាជួយខ្មែរនៅក្នុងដំណាក់កាលនេះ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់សមាគមTYDA នឹងនៅជាមួយបងប្អូនស្ម័គ្រចិត្តទាំងអស់គ្រប់ពេលវេលា តាមរយៈការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនស្ម័គ្រចិត្ត ក្នុងការបំពេញភារកិច្ចដ៏មានអត្ថន័យនេះដោយមិនទុកឱ្យបងប្អូនណាម្នាក់ចោលនោះទេ។
លោកស្រី ពេជ ចន្ទមុន្នី ក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ការកោតសរសើរ និងការថ្លែងអំណរគុណពីសំណាក់សម្តេចតេជោ ហ៊ុន សែនចំពោះកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលនេះគឺជាការយកចិត្តទុកដាក់ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដោយមិនទុកឱ្យនរណាម្នាក់ចោលនោះទេ ហើយនេះគឺជាលើកទឹកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ ចំនួនអ្នកដែលស្ម័គ្រចិត្តដែលបានចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 មានចំនួន២៧៦ នាក់។ សម្រាប់អ្នកស្ម័គ្រចិត្តដែលបានចុះឈ្មោះហើយ នឹងត្រូវធ្វើការហ្វឹកហាត់នៅក្រសួងសុខាភិបាល ដោយចែកជាក្រុម (១ក្រុម ៥០នាក់) ចាប់ពីថ្ងៃ ទី ២៣ ដល់ ២៦ មិនា ឆ្នាំ ២០២០៕ សហការី


ចែករំលែក៖