ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរជាច្រើននាក់វិលពីប្រទេសថៃ មកកម្ពុជាបន្ទាប់ពីភាគីថៃប្រកាសបិទច្រកព្រំដែន

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ពលរដ្ឋខ្មែរប្រុស ស្រីជាច្រើននាក់ ដែលទៅប្រកបរបររកស៊ី និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានវិលត្រលប់ មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ។
ការសម្រុកចេញពីប្រទេសថៃ មកកម្ពុជានេះ ក្រោយប្រទេសថៃប្រកាសបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់មួយចំនួនទៀត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។
ប្រភពពលកររៀបរាប់ថា ពួកគាត់មិនចង់វិលត្រលប់ពីប្រទេសថៃជាកន្លែងធ្វើការរបស់ខ្លួននោះទេ ដោយរោងចក្ររបស់ពួកគេបានបិទមួយរយៈដូច្នេះថៅកែបានឲ្យពួកគាត់វិលមកស្រុកវិញមួយរយៈសិន ពេលសភាពស្ងប់ស្ងាត់ចំពោះជម្ងឺរាតត្បាតទើបរោងចក្រដំណើរការពួកគាត់និងទៅវិញ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលកំពុងចេញពីប្រទេសថៃមកកម្ពុជាវិញនាពេលនេះ ភាគច្រើនជាអាជីវករខ្មែរដែលទៅប្រកបរបររកស៊ីក្នុងផ្សារថៃ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរដែលធ្វើការងារជាកម្មករនៅឯប្រទេសថៃ ហើយការវិលត្រឡប់នេះ ទំនងជាពួកគាត់ដឹងថា ប្រទេសថៃនឹងធ្វើការបិទច្រកព្រំដែនមួយរយៈ ទើបពួកគាត់ប្រញាប់ត្រឡប់មកវិញ ។
សួមបញ្ចាក់ថា ជាមួយនឹងការបិទច្រកនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលកិច្ចប្រជុំទ្វេរភាគីកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយបានសម្រេច ៖ ១-ភាគីថៃ ស្នើរសុំបិទច្រកតំបន់ព្រំដែនម៉ាឡៃ-ណងព្រឺ និងបឹងត្រកួន-តាប្រ៉ាយ៉ា រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ។ ២-ភាគីថៃ ស្នើរសុំបិទច្រកអន្តរជាតិប៉ោយប៉ែត រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យតែរថយន្តដឹកទំនិញធុនធំចេញចូលតែប៉ុណ្ណោះ ។ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទេសជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ។ វណ្ណា


ចែករំលែក៖