ព័ត៌មានទាន់ហេតុការណ៍៖

នាយកផ្នែកបច្ចេកទេសក្លិប AC Milan និងកូនប្រុសគាត់មាន​ផ្ទុក​វីរុស​កូវីដ ១៩

ចែករំលែក៖

ប្រទេសអ៊ីតាលី ៖ លោក Paolo Maldini នាយកផ្នែកបច្ចេកទេសរបស់ក្លិប AC Milan ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី និង​កូន​ប្រុស​របស់​គាត់កីឡាករ Daniel ដែល​លេង​តួនាទី​ខ្សែប្រយុទ្ធ​នៅ​ក្លិប AC Milan ដែរនោះត្រូវបានធ្វើ​តេស្ដ​វិជ្ជមាន​ផ្ទុកវីរុស​កូរ៉ូណា។
ក្លិប​បានបញ្ជាក់ថា លោក “Paolo និង Daniel មាន​ស្ថានភាពខុសភាពធម្មតា ហើយ​បាន​ស្នាក់នៅ​ផ្ទះ​ ២សប្ដាហ៍​ហើយ​ដោយ​មិនមានប៉ះពាល់ជាមួយ​នរណា​ម្នាក់​ផ្សេងទៀត​នោះទេ។ ពួកគាត់​នឹង​ត្រូវបន្ត​នៅ​ដាច់ដោយឡែក​រហូតដល់​ជាសះស្បើយ ស្របតាម​ការណែនាំ​របស់បុគ្គលិក​សុខាភិបាល”។
ថ្មីៗនេះកីឡាករ Paulo Dybala របស់ក្លិប Juventus បាន​បញ្ជាក់ដែរថា រូបគេ​និងមិត្តស្រី​មាន​ឆ្លង​វីរុសកូរ៉ូណា ប៉ុន្តែស្ថានភាព​សុខភាព​របស់ពួកគេ​ល្អប្រសើរ​ដូចធម្មតាទេ។ Dybala ជាកីឡាករទី៣ របស់ Juventus ដែលទទួលបានលទ្ធផល​តេស្ដវិជ្ជមាន​វីរុសនេះបន្ទាប់ពីកីឡាករ Daniele Rugani និង Blaise Matuidi។
គួរបញ្ជាក់ថា ប្រទេស​អ៊ីតាលី​​បាន​ហាមឃាត់ប្រជាជន​មិនឱ្យចេញក្រៅផ្ទះ និង​បាន​បិទ​ការ​ធ្វើដំណើរចេញ​ចូល​អ៊ីតាលី​អស់​រយៈ​ពេលជិត ២សប្ដាហ៍​មកហើយ ដើម្បីទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ដែល​បាន​ឆក់​យក​ជីវិត​ប្រជា​ជន​អ៊ីតាលី​ប្រមាណជាង៤ពាន់ ។
ការ​ប្រកួត​កីឡា​ពាស​ពេញ​ពិភព​លោក​ត្រូវ​បាន​ផ្អាក​ជាបណ្ដោះអាសន្ន​ ដោយ​លីកកំពូល​អ៊ីតាលី​ត្រូវបាន​ផ្អាក​រហូត​ដល់​ខែមេសា ហើយ​ស្ថាប័ន UEFA ក៏បាន​ពន្យារ​ពេលការប្រកួតយូរ៉ូ២០២០ទៅឆ្នាំក្រោយផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖