ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំនៅតំបន់អឺរ៉ុប ចាប់ផ្តើម ធ្វើការពីផ្ទះហើយ ដោយសារកូវីដ-១៩

ចែករំលែក៖

អាល្លឺម៉ង់៖ កូវីដ-១៩ កំពុងរាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយតំបន់អឺរ៉ុបមានករណីឆ្លង រាលដាលខ្លាំងជាងគេ ក្នុងនោះមាន អ៊ីតាលី អេស្បាញ អាល្លឺម៉ង់បារំាង…។ កូវីដ-១៩ បានឆ្លងដល់មន្ត្រីរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់អឺរ៉ុប បង្ខំឲ្យមន្ត្រីជាច្រើនត្រូវកាត់ផ្តាច់ ហើយបន្តធ្វើការ ពីផ្ទះ ។
នៅពេលនេះ រដ្ឋាភិបាល អាល្លឺម៉ង់ បានចាត់វិធានការ យ៉ាងតឹងរ៉ឹង ក្នុងការទប់ស្កាត់ ក៏ដូចប្រយុទ្ធប្រឆាំង ការឆ្លងរាតត្បាតវីរុស កូវីដ១៩ ។ វិធានការផ្សេងៗ ត្រូវបានប្រកាសអនុវត្តដូចជាការ ហាមប្រាមចល័ត ប្រជាជន ក្នុងទីក្រុង តាមបណ្តារដ្ឋ ឬតាមតំបន់មួយចំនួន ហើយថ្មីៗ បំផុតនេះ អាល្លឺម៉ង់ បានហាម ការជួបជុំគ្នារបស់ពលរដ្ឋ លើសពី ២នាក់ឡើងទៅ ។ លោកស្រីអធិការបតីអាល្លឺម៉ង់ បានប្រកាសនៅដាច់ដោយឡែកតែឯង ហើយធ្វើការពីផ្ទះទៅ ។
តាមការចេញផ្សាយ របស់ប្រភពប៊ីប៊ីស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បញ្ជាក់ថា អាល្លឺម៉ង់ បានពង្រឹង អនុវត្តច្បាប់ ដើម្បីទប់ស្កាត់ ជំងឺកូវីដ ១៩ ហើយក្នុងនោះបានហាមឃាត់ប្រជាជន ជួបជុំគ្នាលើសពី ២នាក់ឡើងទៅ ។
ប្រភពបានបញ្ជាក់ថា លោកស្រី អធិការបតីអាល្លឺម៉ង់ អេនហ្គេឡា ម៉ាកែល ថ្លែងតាមកញ្ចក់ទូរទស្សន៍ថា «អាកប្បកិរិយា ផ្ទាល់ខ្លួនរបស់យើង» ជា «វិធីប្រកបដោយប្រសិទ្ធភាពបំផុត» បង្ហាញអំពីអត្រា កំណើន ឬថយចុះ អំពីជំងឺ ឆ្លងនោះ ។
ក្នុងចំណោមវិធានការ ទាំងឡាយ មានការបិទ ទីតាំងធ្វើសក់, កន្លែងម៉ាស្សា ទីតាំងសំអិតសំអាងរាងកាយ ។ ហាងលក់ទំនិញ ដែលមិនសូវមានសារសំខាន់ ក៏ត្រូវបិទទ្វារផងដែរ ។
លោកស្រី ម៉ាកែល ក៏បានប្រកាសថា លោកស្រីអាចនៅ ដោយឡែកដោយខ្លួនគាត់ផ្ទាល់តែម្តង ។
វេជ្ជបណ្ឌិត ដែលចាក់វាក់សាំង ជូនលោកស្រី ម៉ាកែល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដើម្បីប្រឆាំងជំងឺ រលាកផ្លូវដង្ហើមបណ្តាលមកពីមេរោគបាក់តេរី នោះ នៅពេលធ្វើតេស្ត បានចេញលទ្ធផលវិជ្ជមានវីរុស កូវីដ ១៩ ។
អ្នកនាំពាក្យ ខុទ្ទកាល័យ អធិការបតីអាល្លឺម៉ង់ បានថ្លែងថា លោកស្រី ម៉ាកែល អាយុ៦៥ឆ្នាំ នឹងធ្វើតេស្ត ជាប្រចាំនៅថ្ងៃបន្តបន្តាប់ ខាងមុខនេះ និងធ្វើការពីលំនៅឋាន របស់ លោកស្រី មិនមកកាន់ការិយាល័យ នោះឡើយ ។
គួរបញ្ជាក់ថា៖ ប្រទេសអាល្លឺម៉ង់ ជាប្រទេសដែល មានសេដ្ឋកិច្ច រីកចម្រើនធំបំផុត នៅប្លុកអឺរ៉ុប រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨ ៦១០ករណី និង ៥៥នាក់ បានស្លាប់ ៕ ដោយ៖ ធីរីណា


ចែករំលែក៖