ព័ត៌មានទាន់ហេតុការណ៍៖

ទឹកស្រក ឈើអណ្តែតត្រូវកងរាជអាវុធហត្ថខេត្តក្រចេះ ចុះបង្ក្រាបបានជិត២០០កំណាត់

ចែករំលែក៖

ខេត្តក្រចេះ ៖ ឈើក្លុំជិត២០០កំណាត់ប្រភេទឈើឈ្លីក បានផុសនៅមាត់ច្រាំងទន្លេមេគង្គ ត្រូវបានបង្ក្រាបក្រោមការបញ្ចាផ្ទាល់ ពីរលោកសាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សង្កាត់អូរគ្រៀង នៅថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងទន្លេ ភូមិកោះខ្ញែ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមប្រភពបានឲ្យដឹងថា: ឈើនេះត្រូវបានក្រុមឈ្មួញដឹកចេញ ពីតំបន់ព្រៃឡង់ យកមកទម្លាក់នៅច្រាំងទន្លេរ អូរសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង ចុះទូកដឹកយកមកទម្លាក់នៅក្នុងទឹក មាត់ច្រាំងទន្លេរ ក្នុងភូមិកោះខ្ញែនេះ កាលពីរដូវវស្សា ទឹកពេញព្រាបច្រាំងឯណោះ ហើយប្រហែលជាដឹកមកខក ដឹកចេញមិនរួចរត់ការមិនបាន ទើបធ្វើឲ្យស្ទះរហូតដល់ពេលនេះ ដល់ទឹកស្រកឈើអណ្តែត រួមទាំងកប់ដីល្បប់ជាច្រើនផងនោះ ទើបត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការរឹបអូសរួចប្រគល់ទៅឲ្យ រដ្ឋបាលព្រៃឈើយកមករក្សាទុក្ខ នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ចាត់ការតាមនិតិវិធីច្បាប់តែម្តងទៅ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា: ឈើនេះប្រភេទឈើឈ្លីកខ្លុំ មុខកាត់ចាប់ពីរ២០.២៥ស.ម ប្រវែង២.៣មែត្រជាង ចំនួន១៨០ដុំ។ បច្ចុប្បន្នកំពុងដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង នៅមិនទាន់វាស់វែង ដឹងចំនួនម៉ែត្រគូបនៅឡើយទេ ៕ដោយ៖មាស សុផាត


ចែករំលែក៖