ព័ត៌មានទាន់ហេតុការណ៍៖

ចោរគាស់ផ្ទះលួចម៉ូតូ២គ្រឿង គេចខ្លួនបាត់ដោយសុវត្ថិភាព នៅសង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់សោទ្វារផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូអស់ចំនួន២គ្រឿង នៅចំណុចក្រោយវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ទៀបភ្លឺ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

តាមប្រភពព័ត៍មានពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ៖ ទី១, ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GZ-0030 និងមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីឡេត ពណ៌ក្រហម ពាក់ផ្លាកលេខ 1HU-8882

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះភ្លាមៗ លោកបានបញ្ជាទៅអធិការរងទទួលផែនព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្ដុតាងក្រុមជនសង្ស័យបន្សល់ទុក ជាពិសេសយករូបថតវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញាជនសង្ស័យទាំងនោះ ងាយស្រួលតាមចាប់ខ្លួន ។

លោកអធិការបន្តថា បន្ទាប់ពីកម្លាំងជំនាញ ចុះទៅដល់ទីតាំងកើតហេតុ មិនទាន់ទទួលបានវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពនៅឡើយនោះទេ ដោយមូលហេតុថា ម្ចាស់ផ្ទះដែលមានបំពាក់កាមេរ៉ានៅក្បែរនោះ បានចេញទៅធ្វើការបាត់ទៅរហូតដល់ល្ងាច ទើបត្រឡប់មកផ្ទះវិញ ប៉ុន្ដែទោះជាយ៉ាងណា លោកនឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ ។

ដោឡែកជនរងគ្រោះ ក៏អំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចដែលប្រចាំការតាមដងផ្លូវ ប្រសិនប្រទះឃើញម៉ូតូដែលមានភិនភាគដូចខាងលើ សូមរាយការណ៍ទៅលេខទូរស័ព្ទលេខ 010 202 765 នឹងមានជូនសគុណ៕ ចន្ទ លីហ្សា


ចែករំលែក៖