ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ សាលាឧទ្ធរណ៍តំបន់ រួមមាន សាលាឧទ្ធរណ៍ព្រះសីហនុ, បាត់ដំបង, ត្បូងឃ្មុំ នឹងដាក់ឲ្យដំណើរការជាផ្លូវការ តទៅ។
សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ព្រះសីហនុ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់រឿងក្តីរបស់ប្រជាពលរដ្ឋតាមខេត្តនីមួយៗ។
ខាងក្រោមនេះជាសាលាឧទ្ទរណ៍ទាំង៤ មានដូចតទៅ៖
១៖ សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រៃវែង និងស្វាយរៀង ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមក ខណៈតំបន់សាលាឧទ្ធរណ៍នៅតាមតំបន់ផ្សេងទៀតនោះ សម្រាប់ទទួលការ ដោះស្រាយលើសំណុំរឿងរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនៅតំបន់ក្បែរៗនោះ។
២៖ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ត្រូវទទួលដោះស្រាយ៖
* បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
* សាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
* សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
* សាលាដំបូងខេត្តក្រចេះ និងអយ្យការអមសាលាដំបូងខេត្តក្រចេះ
* សាលាដំបូងខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
* សាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី
* សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី
* សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿង ដែលតុលាការកំពូលបានបង្វិលមកវិញ។
៣៖ សាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង ត្រូវទទួលដោះស្រាយ៖
*បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
*សាលាដំបូងខេត្តពោធិ៍សាត់ និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
*សាលាដំបូងខេត្តបាត់ដំបង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
*សាលាដំបូងខេត្តប៉ៃលិន និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន
*សាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
*សាលាដំបូងខេត្តឧត្តរមានជ័យ និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
*សាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ។
៤៖ សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ត្រូវទទួលដោះស្រាយ៖
* សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត
* សាលាដំបូងខេត្តកំពង់ស្ពឺ និងអយ្យការអមសាលាដំបូងខេត្តកែប
* សាលាដំបូងខេត្តកោះកុង និងអយ្យការអមសាលាដំបូងខេត្តកោះកុង
* សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ៕ សហការី