ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាទចុះសំអាតវិទ្យាល័យ ហ៊ុនសែនតាខ្មៅត្រៀមសម្រាប់ទទួលព្យាបាលអ្នកឆ្លងកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីនគរបាលខេត្តកណ្តាលជាច្រើនរូប ដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក-លោកស្រីស្នងការរង នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ បានចូលរួមជាមួយកងកម្លាំងកងរាជអាវុធហត្ថ យោធា អាជ្ញាធរ និងមន្ត្រី នៃមន្ទីរពាក់ព័ន្ធ ចុះធ្វើការសំអាតទីតាំងវិទ្យាល័យហ៊ុនសែនតាខ្មៅ អោយបានស្អាតសមរម្យ តបណ្តាញទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ ដើម្បីទុកសម្រាប់ត្រៀមសម្រាក និងព្យាបាលបងប្អូនប្រជាពលរដ្ឋដែលសង្ស័យ និងឆ្លងកូវីដ-១៩។

បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយនៅសាលាខេត្តកណ្តាល ហើយលោកអភិបាលខេត្តបានសម្រេចយកទីតាំងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ធ្វើជាទីតាំងត្រៀមទទួលព្យាបាលប្រជាពលរដ្ឋ ។ នៅរសៀលថ្ងៃទី២៣ ខែមីនាដដែលនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក-លោកស្រីស្នងការរង បានដឹកនាំមន្ត្រីនគរបាលខេត្តជាច្រើនរូប ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងសម្ភារៈមួយចំនួនទៀត ចូលរួមសំអាតទីតាំងវិទ្យាល័យនេះជាមួយកម្លាំងកងរាជអាវុធហត្ថ យោធា អាជ្ញាធរ និងមន្ត្រី នៃមន្ទីរពាក់ព័ន្ធ ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា៖ ជំងឺកូវីដ១៩(COVID-19) គឺជាបញ្ហាមួយដែលរីករាលដាលខ្លាំងនៅក្នុងសកលលោក និយាយជារួម ដោយឡែកខេត្ដកណ្ដាលយើង ក៏មានប្រជាពលរដ្ឋមួយរូបកើតមានជម្ងឺកូវីដ១៩នេះដែរ ខណៈដែលខេត្តផ្សេងៗទៀតមានចំនួនអ្នកកើតជម្ងឺនេះច្រើនជាងខេត្តកណ្តាល ។ ទោះបីជម្ងឺនេះនៅក្នុងខេត្ដកណ្ដាលយើងមានតួលេខតិចក៏ដោយ យើងត្រូវតែរួមគ្នាទប់ស្កាត់ ពិនិត្យតាមដានរាល់ប្រជាពលរដ្ឋ ក៏ដូចជាគ្រប់មជ្ឈដ្ឋានទាំងអស់ដែលត្រឡប់មកពីធ្វើការងារពីក្រៅប្រទេសវិញ ។ ថ្មីៗនេះកម្មករខ្មែរយើងបានត្រឡប់មកពីប្រទេសថៃ វិញយ៉ាងគំហុក ជាពិសេសក្នុងមូលដ្ឋានរបស់យើង ហើយក្នុងនាមលោកជាអនុប្រធានគណៈកម្មការប្រឆាំងនឹងជម្ងឺកូវីត១៩(COVID-19) ដែលមាន លោក គង់ សោភ័ណ្ឌ អភិបាលខេត្ដជាប្រធាន លោកបានចាត់តាំងត្រៀម និងរៀបចំកម្លាំងអន្ដរាគមន៍ពិសេសទាំង៣អន្ដរាគមន៍២៤ម៉ោងលើ២៤ម៉ោង ដើម្បីគ្រប់គ្រងស្ថានការគ្រប់បែបយ៉ាង ឬតម្រូវការចាំបាច់អ្វីមួយរបស់ លោកអភិបាលខេត្ដ ក៏ដូចជាគណៈបញ្ជាការឯករដ្ឋបាលក្រុង/ស្រុក ពាក់ព័ន្ធនឹងជម្ងឺកូវីត១៩( COVID-19) លោកនឹងបញ្ជូនកម្លាំងជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែបើពាក់ព័ន្ធក្នុងបច្ចេកទេសនៃការព្យាបាល ក្រុមការងាររបស់លោកគឺគ្មានជំនាញទេ។
ឆ្លើយតបការកើនឡើងអ្នកផ្ទុកជម្ងៃនេះនៅតាមបណ្តាលខេត្តផ្សេងៗ លោកអភិបាលខេត្តបានសម្រេចយកទីតាំងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រៀមព្យាបាលបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក្នុងករណីមានច្រើន ។ តែបច្ចុប្បន្ននេះអ្នកផ្ទុកជម្ងឺដ៏កាចសាហាវនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលទើបតែមានម្នាក់តែប៉ុណ្ណោះ ដូច្នេះអគារវិទ្យាល័យនេះគ្រាន់តែទុកត្រៀមក្នុងករណីចំបាច់ ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖