ពិភពលោក៖ សាព័ត៌មាន AFP បានផ្សាយថា៖ មានពលរដ្ឋជាង១ពាន់លាននាក់នៅជាង៥០ប្រទេសជុំវិញពិភពលោក បានស្នើឲ្យនៅក្នុងផ្ទះ ក្នុងពេលការឆ្លងរាលដាលវីរុសកូវីដ-១៩កាន់តែខ្លាំងឡើង។
ក្នុងចំណោម៥០ប្រទេស មាន៣៤ ប្រទេស បានសម្រេចបិទប្រទេសទាំងមូល ក្នុងនោះមានអ៊ីតាលី បារាំង រដ្ឋកាលីហ្វ័រញ៉ា របស់អាមេរិក អាហ្សង់ទីន អ៊ីរ៉ាក់ …។ ពលរដ្ឋនៅក្នុងប្រទេសទាំងនោះត្រូវបង្ខំឲ្យនៅក្នុងផ្ទះ មិនអាចចេញទៅខាងក្រៅបើមិនមានការអនុញ្ញាតនោះ។
ជាមួយគ្នានេះក៏មានប្រទេស ជាច្រើន បានកាត់ផ្តាច់ ពីតំបន់មួយទៅកាន់តំបន់មួយ មិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលនោះឡើយ ខ្លាចនាំកូវីដ-១៩ ពីតំបន់មួយទៅកាន់តំបន់មួយ។
គិតដល់វេលាម៉ោង៧យប់ថ្ងៃទី២៣ ខែមីនានេះ មានអ្នកស្លាប់ដោសារកូវីដ-១៩ នៅលើពិភពលោក កើនឡើងដល់ទៅ១៥១៨៩នាក់ ភាគច្រើន នៅតំបន់អឺរ៉ុប មានដល់ទៅ ៩១៩៧នាក់ ។ អ៊ីតាលីជាប្រទេស រងផលប៉ះពាល់ខ្លាំងជាងគេដោយមានអ្នកស្លាប់ កើនឡើងដល់ទៅ៥៤៧៦នាក់ បន្ទាប់មកគឺប្រទេសចិនដែលមានអ្នកស្លាប់តែ ៣២៧០នាក់ប៉ុណ្ណោះ។ ប្រទេសអេស្បាញស្ថិតនៅក្នុងលំដាប់ទី៣ មានអ្នកស្លាប់២១៨២នាក់ ។
ក្នុងរយៈពេល២៤ម៉ោង កន្លងមក មានអ្នកស្លាប់នៅលើពិភពលោក១៣៩៥នាក់និងឆ្លង ១៧២.២៣៨នាក់។ អឺរ៉ុបគឺជាតំបន់ដែលមានអ្នកឆ្លងច្រើនបំផុត៕ ដោយ៖ធីរីណា