ប៉ោយប៉ែត៖ ពលករខ្មែរជាង៥០០នាក់ដែលអាជ្ញាធរថៃ បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ត្រូវបានរឹត បន្តឹងការពិនិត្យសុខភាពដើម្បីរួមចំណែកទប់ ស្កាត់ការរីករាលដាលវីរុសកូវីដ១៩(COVID-19) ។
ក្នុងឱកាសដឹកនាំក្រុមការងារចុះជួយដល់ពលករនៅច្រកទ្វារប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ក្រុមការងារគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថ កិច្ចបានធ្វើការយ៉ាងសកម្ម ដោយជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរយើង ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែតនេះ។ ក្នុងប្រតិបត្តិការជួយដល់បងប្អូនខ្មែរយើង នេះដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមវិធានការរឹតបន្តឹងការពិនិត្យសុខភាព និងអប់រំផ្សព្វ ផ្សាយដល់ពួកគាត់ទាំងអស់ នៅមណ្ឌលសំចត និងស្ថានីយរថភ្លើង ក្នុងក្រុងប៉ោយប៉ែត មុន នឹងមានការអនុញ្ញាត ឱ្យចេញទៅមូលដ្ឋានភូមិ ឃុំ ខេត្តរៀងៗខ្លួន ធ្វើការត្រួតពិនិត្យបន្តដើម្បី រួមចំណែកទប់ស្កាត់វីរុសកូវីដ១៩ (COVID-19) ។
អភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអប់រំណែនាំដល់ពលករដែលចេញមកពី ប្រទេសថៃទាំងអស់ ត្រូវដាក់ខ្លួនដាច់ ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីការពារបញ្ចៀសនូវ ការរីករាលដាលពីជំងឺកូវីដ១៩ និងត្រូវស្ដាប់សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយបើមានពលករណាមានសុខភាពមិនល្អ រហ័សទាក់ទងទៅលេខ១១៥ជាបន្ទាន់។ដើម្បីការពារ ខ្លួនអ្នក និងក្រុមគ្រួសារអ្នកត្រូវធ្វើអនាម័យកន្លែងរស់នៅឱ្យបានស្អាត បើចេញក្រៅផ្ទះពាក់ ម៉ាសដើម្បី ការពារត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ ។
លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ៖ក្នុងចំណោមពលករជាង៥០០នាក់ ដែលបានធ្វើដំណើរចាកចញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យពិនិត្យរកឃើញភាពមិនប្រក្រតី ចំនួន ១០នាក់ដោយមានអាការៈក្ដៅខ្លួនហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកដីថ្មី ដើម្បីយកទៅពិនិត្យព្យាបាលបន្ត។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧យប់ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២០ ពលករដែលត្រឡប់ ពីប្រទេសថៃ ប្រមាណជាង៥០០នាក់ ទាំងនៅស្ថានីយរថភ្លើង និងមណ្ឌលសំចតក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសម្រេចអនុញាតិឱ្យបន្តដំណើរទៅស្រុកកំណើត រៀងៗ ខ្លួនហើយ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យឃើញថា ពួកគាត់គ្មានជំងឺកូវីត ១៩នោះ។
បើតាមការសាកសួរបានឱ្យដឹងថា ៖ ភាគច្រើនពលរដ្ឋទាំងនោះគឺមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង បាត់ដំបង កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានៃការ វិលត្រឡប់នេះ អាជ្ញាធរបានចែកបាយម្នាក់១ប្រអប់ ទឹកបរិសុទ្ធ១ដប ហើយក៏មានការជួយការ ពារសុវត្ថិភាព ពីសំណាក់កម្លាំងនគរបាល និងកងរាជអាវុធ ហត្ថយ៉ាងយកចិត្តទុកដាក់ផងដែរ៕ វណ្ណា