ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាមួយនិងថ្នាំញៀន១០កញ្ចប់ ក្នុងពេលដែលក្រុមនេះបានធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។ កិច្ចប្រតិបត្តិការបង្រ្កាបនេះគឺធ្វើឡើង កាលពីវេលាម៉ោង ១៧ និង២៥នាទី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ១.ឈ្មោះ ចេង ច័ន្ទមុន្នី ភេទប្រុស ២២ឆ្នាំរស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង (ជួញដូរ) ២.ឈ្មោះ ពេញ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ផ្សារឆ្នាំង ៣.ឈ្មោះ ធានី វិជ្ជា ភេទប្រុស អាយុ២៨ឆ្នាំរស់នៅសង្កាត់ប្អេរ និង ៤.ឈ្មោះ ពួន ម៉ៅ ភេទប្រុសអាយុ២៥ឆ្នាំ សង្កាត់ប្អេរ ជនសង្ស័យ៣នេះ ជាអ្នកប្រើប្រាស់ ។
សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលព័ត៌មាន ស្តីពីការណាត់ជួបគ្នារបស់ក្រុមជនសង្ស័យ សមត្ថកិច្ចជំនាញបានសហការជាមួយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចុះប្រតិបត្តិការដល់ទីតាំងនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ធ្វើការចុះព័ទ្ធចាប់តែម្តង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានបានដកហូត វត្ថុតាងថ្នាំញៀនចំនួន ១០កញ្ចប់ ទូរស័ព្ទ១គ្រឿង ដាវ១ដើម អាវុធកែច្នៃ ១ដើម និងឧបករណ៍វេចខ្ចប់ សម្រាប់ជក់មួយចំនួន ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ចន្ថា