ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់អាមេរិក​នាំគ្នាទៅធ្វើតេស្តរកវីរុសកូវីដ១៩ ក្រោយមន្ត្រីក្រោមៗឆ្លង

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់នៅអាមេរិក  រាប់ទាំងប្រធានាធិបតី អនុប្រធានាធិបតី ភរិយា ក្រុមគ្រួសារទាំងមូលបាននាំគ្នាទៅធ្វើតេស្តរកវីរុសកូវីដ-១៩  ក្រោយរកឃើញមន្ត្រីជាន់ខ្ពស់និងជាន់ទាបជាច្រើននាក់បានឆ្លងកូវីដ-១៩។

អនុប្រធានាធិបតីអាមេរិក លោក​ Mike Pence  បានទៅធ្វើតេស្ត​ក្រោយពេល​ សមា​ជិក​មួយរូប ក្នុងចំណោម​បុគ្គលិក​របស់លោក បានធ្វើតេស្តដោយមានលទ្ធផលវិជ្ជ​មាន កូវីដ-១៩ ។ ​នៅពេលនេះ ក្រុមការងារ រួមទាំងអនុប្រធានាធិបតី និងភរិយា​របស់​លោក ក៏ទៅធ្វើតេស្តរកវីរុស​កូវីដ១៩​ទាំងអស់គ្នា​តែម្តង ។

យោងតាមការចេញផ្សាយ​របស់​ wikipedia នៅលើទឹកដីអាមេរិក គិតត្រឹមថ្ងៃទី​២៤ ខែមីនា មានអ្នកឆ្លងកូវីដ ១៩ ចំនួន ៤៦ ៤៤០នាក់ ក្នុងនោះ​បាត់បង់ជីវិត ៥៨៥​នាក់ និង​៣១៤នាក់​បានចាកចេញពីមន្ទីរពេទ្យ ។

ចំណែកភរិយា​ ប្រធានាធីបតីអាមេរិក ដូណាលត្រាំ  ក៏បានទៅធ្វើតេស្តផងដែរ​។ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកកាសែត​កាលពី​ថ្ងៃទី​២៤ ខែមីនាថា ភរិយា​របស់​លោក គឺ​ Melania Trump ពុំមាន​ផ្ទុកវីរុស​កូវីដ ១៩​នោះឡើយ គាត់សុខសប្បាយ​ណាស់ បន្ទាប់ពីការធ្វើតេស្តនៅសេតវិមាន​នោះ ។

លេខាធិការព័ត៌មាននៃសេតវិមាន​ លោកស្រី Stephanie Grisham ក៏បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន ស៊ីអិនអិន ផ្សាយ​កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០​ថា «លោកស្រីទីមួយ Melania Trump បានធ្វើតេស្ត​វីរុសកូវីដ ១៩ នៅពេលដំណាលគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយបានចេញលទ្ធផលអវិជ្ជមាន​»។

លោកដូណាល់ ត្រាំ ជាអ្នកបានប្រកាសដំបូងគេដែលថា ជំទាវទី១​របស់លោក បានទទួល​ធ្វើតេស្តវីរុស​​នេះ ក្នុងអំឡុងពេលដែលលោកឡើងថ្លែងសុន្ទកថា សង្ខេបព័ត៌មាន​នៅសេតវិមាន​ជាមួយអ្នកកាសែត​ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានសង្ខេបព័ត៌មាន​ទាក់ទង​ភារកិច្ច​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩​ នៅក្នុងប្រទេសអាមេរិក ហើយពេលនោះ អ្នកកាសែតមួយរូបបានសួរថា​ តើ​ភរិយារបស់​លោក​មានបានធ្វើតេស្ត​ដែរឬទេ ។

លោក ត្រាំ បានឆ្លើយថា «បាន» ហើយបានបន្ថែមថា ភរិយារបស់លោក «សុខសប្បាយ»នោះទេ ។ ការធ្វើតេស្តនោះ​ធ្វើឡើងកាលពីថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០២០ គឺមានរយៈពេលជាង​មួយសប្តាហ៍​កន្លងមកហើយ ៕ ដោយ៖ ធីរីណា


ចែករំលែក៖