ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំកម្ទេចចោលទំនិញខូចគុណភាពជាង១តោន

ចែករំលែក៖

 

ខេត្តត្បូងឃ្មុំ៖ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់លោក មាស មោរ៉ា ជាប្រធាន បានដឹកនាំកម្លាំងមន្ត្រីកាំកុងត្រូល រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរស្រុកពញាក្រែក ប្រមូលយកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដែលរកឃើញ និងដកហូតនាពេលកន្លងមក ប្រមាណជាង១តោន យកទៅចាក់កប់លុបកម្ទេចចោលទាំងស្រុង។នេះបើយោងតាមផេកការិយាល័យផ្សព្វផ្សាយបណ្ដាញសង្គមបានឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ។

លោក មាស មោរ៉ា ប្រ​ធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទំនិញខូចគុណភាព​ និងហួសកាលបរិច្ឆេទ ដែលមន្រ្តីជំនាញរបស់លោកដកហូតពីអាជីវករ លក់ដូរនានា នៅក្នុងខេត្តត្បូងឃ្មុំ កាលពីចុងឆ្នាំ២០១៩ សរុបចំនួនប្រមាណជាង ១តោន ហើយថ្ងៃនេះបានធ្វើការយកទៅកម្ទេចចោលទាំងស្រុង។ ទំនិញខូចគុណភាពទាំងនេះ រួមមានភេសជ្ជ: គ្រឿងឧបភោគ និងបរិភោគចម្រុះ ត្រូវបានួកទៅកប់កម្ទេចចោលនៅទីតាំងមួយកន្លែងស្ថិតនៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីព្រឺកថ្ងៃទី២៤ ខែមីនានេះ ។

លោកបញ្ជាក់ថា សកម្មភាពកម្ទេចចោល គឺចាក់ទំនិញខូចគុណ ភាពខាងលើចូលក្នុងរណ្តៅរួចចាក់ដីលុបពីលើ ហើយស្ថិតក្រោមការសហការពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធតាំងពីដើមរហូតដល់ចប់។ លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ ដូចជាអាជីវករទាំងអស់សូមប្រុងប្រយ័ត្នមុន និងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិនជៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។

លោកប្រធាន បន្ថែមថា ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅស្រស់ល្អ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះនេះជាអំពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់ប្រសិនបើមាន ៕ សហការី

 


ចែករំលែក៖