ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់ក្នុងអគារនិងបរិវេណវិមានរដ្ឋសភា ត្រូវបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងបរិវេណវិមានរដ្ឋសភា  ក្រុមការងារគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានចុះមកបាញ់ថ្នាំសម្លាប់មេរោគ ដែលជាវិធានការមួយ ក្នុងចំណោមវិធានការផ្សេងៗទៀត ក្នុងការការពារការឆ្លងរាលដាលនៃមេរោគកូវីត១៩ ។

ការចុះបាញ់ថ្នាំសម្លាប់មេរោគរបស់ក្រុមគ្រូពេទ្យជំនាញ នៅវិមានរដ្ឋសភាពេលនេះ គឺដើម្បីការពារសុខសុវត្ថិភាពពីការឆ្លងមេរោគ កូវីត១៩ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាភ្ញៀវដែលមានភារកិច្ចចាំបាច់បំផុត ត្រូវអញ្ជើញមកកាន់វិមានរដ្ឋសភាជាដើម។

ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគនេះ ស្ថាប័នរដ្ឋសភា ក៏បានចាត់វិធានការផ្សេងៗមួយចំនួនទៀតសម្រាប់ការការពារការឆ្លងរាលដាលនៃមេរោគកូវីត១៩ នេះដែរ ដូចជា ការប្រើឧបករណ៍វាស់កម្ដៅសម្រាប់អ្នកចូលក្នុងវិមានរដ្ឋសភានៅគ្រប់ច្រកចូលទាំងអស់។

ផ្ដល់ទឹកលាងសម្លាប់មេរោគ ទុកជូនលាងសម្អាតដៃនៅគ្រប់ច្រកចូល និងតាមទីតាំងជាច្រើនទៀតក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ផ្ដល់សាប៊ូទុកសម្រាប់លាងដៃនៅគ្រប់ទីតាំងបន្ទប់ទឹក។ ការចរាចរណ៍ឯកសារផ្សេងៗ គឺធ្វើឡើងតាមរយៈ Online និងណែនាំមន្ត្រីត្រូវការពារសុខភាពទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ ៕ សហការី


ចែករំលែក៖