ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០២០ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនបានដាក់វិធានការឲ្យអាជ្ញាធរ ក្រុង ស្រុក ភូមិឃុំបន្តយុទ្ធនាការចុះផ្សព្វផ្សាយតាមមូលដ្ឋានចាប់ពីប្រជុំជន រហូតដល់ជនបទដើម្បីត្រៀមបង្ការការពារជំងឺCOVID-19ស្របពេលដែលពិភពលោកមានអ្នកកើតជំងឺនិងស្លាប់ដោយសារវីរុសនេះរាប់ម៉ឺននាក់។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖នៅក្នុងប្រទេសកម្ពុជាត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ៩៣ករណីក៍ដោយប៉ុន្តែសម្រាប់ខេត្តប៉ៃលិនរហូតមកដល់ពេលនេះនៅមិនទាន់រកឃើញមានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេល២-៣ថ្ងៃមកនេះមានពលករចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញដោយមិនបានដឹងថា÷ក្នុងចំណោមមនុស្សទាំងអស់នោះមានអ្នកផ្ទុកមេរោគCOVID-19ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៍ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺCOVID-19 ខេត្តប៉ៃលិនបានដាក់ចេញនូវយុទ្ធនាការឲ្យមន្រ្តីជំនាញពាក់ពន្ធទាំងអស់ រួមទាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានត្រូវចុះផ្សព្វផ្សាយនៅតាមភូមិនិងតាមផ្ទះដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមការពារទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។
យោងតាមខ្លឹមសារនៃយុទ្ធនាការផ្សព្វផ្សាយនេះបានណែនាំឲ្យប្រជាពលរដ្ឋដែលជាពលករទើបវិលត្រឡប់មកដល់ផ្ទះវិញត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា ខ្លួនមិនមានផ្ទុកជំងឺCOVID-19និងដើម្បីកុំឲ្យឆ្លងជំងឺនេះទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។ ដោយឡែកអ្នកដែលមានអាការៈគួរឲ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺCOVID-19ត្រូវប្រញ៉ាប់រាយការណ៍ទៅមន្រ្តីសុខាភិបាលតាមរយៈទូរសព្ទលេខ១១៥ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ដែលនៅជិតផ្ទះរបស់ខ្លួនដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាលទាន់ពេលវេលា
។ ក្រៅពីនេះក៏បានណែនាំប្រជាពលរដ្ឋទាំងអស់គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺCOVID-19ផងដែរ។
សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ចំនួនសរុប៩៣នាក់ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់បានជាសះស្បើយផងដែរដែលមានជនជាតិចិន១នាក់ជនជាតិអង់គ្លេស១នាក់និងជនជាតិខ្មែរ៤នាក់៕ ដោយ៖ ស សារ៉េត