ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តម៉ូទ័រយោងរន្ទារដែកឆក់កម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលគាត់ប្រើម៉ូទ័រយោងរន្ទារដែកឡើងទៅលើសំណង់ផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមផ្លូវចូលវត្តតាំងកសាង ត្រង់ចំណុចទល់មុខផ្សារតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០​។
ជនរងគ្រោះឈ្មោះមួន ផល្លា ភេទប្រុសអាយុ២៧ឆ្នាំ ទើបមកស្នាក់នៅធ្វើការនៅក្នុងភូមិកើតហេតុខាងលើបានរយៈពេល១ខែហើយគាត់មានស្រុកកំណើតនៅស្រុកពាមជរ៍ ខេត្តព្រៃវែង ។
សាក្សីបានឱ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះរូបនេះរួមជាមួយកម្មករផ្សេងទៀត ត្រូវបានមេការប្រើឲ្យយោងរន្ទារដែកឡើងទៅទុកនៅលើជាន់ទី២ផ្ទះល្វែងកំពុងធ្វើការជួសជុលនោះ ហើយផ្ទះល្វែងនោះទៀតសោតមានទីតាំងស្ថិតនៅកៀកនិងខ្សែកាប្លិ៍ភ្លើងដែលមានតង់ស្យុងខ្ពស់ថែមទៀត។
ប្រភពដដែលបានបន្តថា ខណៈនោះបានប្រើម៉ូទ័រយោងឡើង ហើយពេលយោងឡើងទៅដល់ខាងលើ ជនរងគ្រោះបានឈាងចាប់ទាញយករន្ទារនោះដើម្បីទុកដាក់នៅលើផ្ទះនោះ ក៏ត្រូវបានខ្សែកាប្លិ៍ភ្លើងនោះឆក់បណ្ដាលឲ្យរងរបួសធ្ងន់។បន្ទាប់មកមេការព្រមទាំងកម្មករសំណង់បាននាំគ្នាសែងយកទៅកប់ដីខ្សាច់ រួចបានហៅរថយន្តសង្រ្គោះដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់ ក្រុមសង្រ្គោះបានប្រាប់ថាបុរសនោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យ។
រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕សុខាសែនជ័យ​

ចែករំលែក៖