ព័ត៌មានទាន់ហេតុការណ៍៖

សរសើរ ទឹកចិត្តឆាយ វីរៈយុទ្ធ និងភរិយាប្រកាស​ឧបត្ថម្ភ​អង្ករ​៦តោន​ដល់​សិល្បករចាស់​ជរាគ្រា កូវីដ-១៩ ឆ្លងរាតត្បាត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាកោតសរសើរដល់ទឹកចិត្តតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ និងភរិយាដែល បានប្រកាសឧបត្ថម្ភអង្ករ៦តោនដល់សិល្បករចាស់ជរាគ្រា កូវីដ-១៩ បាននិងកំពុងឆ្លងរាតត្បាត។ ការប្រកាសនេះក៏ក្រោយពេលដែលោកបានចូលរួមបរិច្ចាកថវិកាជួយទៅដល់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ កន្លងមកតាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។
​គេដឹងថា នៅពេលដែល​មេរោគ​កូវីដ-១៩ បានិងកំពុងឆ្លង​រាតត្បាត​ជា​សកល ប្រទេសកម្ពុជា ក៏​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​ដែរ ជា​ពិសេស​ទៅ​លើ​ចំណូល​ពី​វិស័យ​សិល្បៈ ខណៈ​កម្មវិធី​ប្រគំតន្ត្រី និង​ពិធី​ជួបជុំ​ធំ​ៗ​ត្រូវ​បាន​លុបចោល។ លោក ឆាយ វីរៈយុទ្ធ និង​គ្រួសារ​ដែល​ជា​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវធំមួយនោះ បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​៦​តោន ដើម្បី​ឲ្យ​សមាគម​សិល្បៈ​ចាត់ចែង។ នេះ​បើ​តាម​គណនី​ហ្វេសប៊ុក​លោក ហេង ឡុង។លោកថាអង្ករ​ទាំង​៦​តោន នឹង​ត្រូវ​ចាត់ចែង​ដល់​អ្នក​សិល្បៈ​ចាស់ជរា ឬ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​តោន និង​ចែក​ជូន​ពលរដ្ឋ​ខ្វះខាត​ចំនួន​៣​តោន ក្នុង​គ្រា​ដែល​មេរោគ​កូវីដ-១៩ រាតត្បាត មិន​មាន​ចំណូល​គ្រប់គ្រាន់។ ជាមួយគ្នានេះលោក ភរិយា ព្រមទាំងកូនស្រី ក៏បាបជូនពរបងប្អូនប្រជាជនខ្មែរទូទាំងប្រទេសនិងក្រៅប្រទេសព្រមទាំងប្រជាជនទូទាំងពិភពលោកទាំងមូលសូមជៀសផុតពីជម្ងឺCOVID-19ដ៏កាចសាហាវនេះ ហើយលោកក៏សូមបងប្អូនការពារនិងថែរក្សាសុខភាពឲបានខ្ពស់បំផុតសំរាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។
​គួរបញ្ជាក់ដែរថាកន្លងទៅថ្មីៗនេះដោយសារជំងឺកូវីដ-១៩ការងារសិល្បៈដូចជាការប្រគុំតន្ត្រី​ថតភាពយន្តជាច្រើនត្រូវបានលុបចោលដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ សម្រាប់សិល្បករដែលមានជិវិភាពមធ្យម និងធូរធាមិនជាបញ្ហាប្រឈមនោះទេ​ប៉ុន្តែសម្រាប់សិល្បករដែលមានជីវភាពក្រីក្រ និងរស់នៅជួលផ្ទះគេស្នានៅ គឺពិតជាមានការប្រឈម។ ការចែករំលែកធនធាន នេះបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសក្នុងគ្រាដែលមនុស្សជាច្រើនកំពុងរស់នៅទាំងលំបាក និងព្រួយបារម្ភ៕ដោយ វឌ្ឍនា


ចែករំលែក៖