ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនពុះដីឡូតិ៍លក់ហ៊ានក្លែងបន្លំឯកសារក្រុមហ៊ុនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

 

ខេត្តកណ្ដាល៖ ជនសង្ស័យជាបុគ្គលិកក្រុមហ៊ុនពុះដីឡូតិ៍យីហោ ខេ ខេ ហ្គោលលែនរៀលអីស្តេត ម្នាក់ ហ៊ានក្លែងបន្លំឯកសារក្លែងក្លាយរបស់ក្រុមហ៊ុន ត្រូវបានម្ចាស់ក្រុមហ៊ុនប្ដឹងសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន ។ ករណីឃាត់នេះ ធ្វើឡើងកាលពីនៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចស្នាក់ការលក់ដីឡូតិ៍ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ប៊ុន ផេង ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកទទួលលុយរបស់ក្រុមហ៊ុនពុះដីឡូតិ៍ ខេ ខេ ហ្គោលលែនរៀលអីស្តេត បច្ចុប្បន្នស្នាក់នៅក្នុងស្នាក់ការលក់ដីឡូតិ៍ ក្រុមហ៊ុន ស្ថិតក្នុងភូមិត្រពាំងក្រសាំងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះតំណាងក្រុមហ៊ុនឈ្មោះ ស៊ឹម សុធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគណនេយ្យក្រុមហ៊ុនខេខេហ្គោលលែនរៀលអីស្តេត(ស្នាក់ការលក់ដីឡូត៍) មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងចាប់យកបានមានឯកសារក្លែងបន្លំចំនួន៣ច្បាប់ និងសម្ភារៈបាត់បង់មានលុយចំនួន៦៩៤៩ដុល្លារសហរដ្ឋអាមេរិក ។
ប្រភពដដែលបន្ដថា៖ កន្លងមក ជនសង្ស័យជាបុគ្គលិកផ្នែកខាងទទួលលុយពីអតិថិជនជាអ្នកទិញដីបង់រំលោះរបស់ក្រុមហ៊ុន នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានទទួលលុយ និងរៀបចំឯកសារទិញលក់ជាលក្ខណៈបង់រំលោះ លុះមកដល់ថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០១៩ អតិថិជនបានបង់ផ្ដាច់ដោយបញ្ចប់កិច្ចសន្យាទិញបង់រំលោះផងដែរ ។ បន្ទាប់ពីបញ្ចប់កិច្ចសន្យារួចរាល់ហើយ ស្រាប់តែជនសង្ស័យក្លែងឯកសារនោះ ធ្វើជាឯកសារបង់រំលោះអោយមកក្រុមហ៊ុនទៅវិញ រហូតមកដល់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ម្ចាស់ក្រុមហ៊ុនមិនឃើញអតិថិជនមកបង់លុយទើបក្រុមហ៊ុនទូរស័ព្ទសួរនាំ ដោយអតិថិជនបានឆ្លើយតបវិញថា លុយដីបានបង់ផ្តាច់រួចហើយតាំងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩មកម្លេះ ។ ដោយដឹងថាជនសង្ស័យខាងលើក្លែងឯកសារឆបោកក្រុមហ៊ុន ភាគីខាងក្រុមហ៊ុន ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនចាត់ការតាមច្បាប់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានក្លែងបន្លំឯកសាររបស់ទិញលក់ដីរបស់អតិថិជនអោយក្រុមហ៊ុនប្រាកដមែន ដើម្បីសល់លុយទុកសំរាប់យកចាយបានខ្លះ ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុះរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖