ស្រុកពារាំង៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំង លោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសុខាភិបាលស្រុកពារាំង បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនពលករចំណាកស្រុក មកពីក្រៅប្រទេស ចំនួន៥៦នាក់ ទូទាំងស្រុកពារាំង ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាពរបស់ពួកគាត់។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ក៏បានប្រាប់ឱ្យបងប្អូនពលករចំណាកស្រុកមានការរស់នៅស្អាត ចេះអនាម័យ លាងសម្អាតដៃដោយសាប៊ូឱ្យបានញឹកញាប់ និងកុំឱ្យមានការភ័យខ្លាច ក៏ដូចជាមានការរើសអើង ជាពិសេសត្រូវគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ ជៀសវាងមានការឆ្លងរីករាលដាលទៅបងប្អូនសាច់ញាតិរបស់ខ្លួន។ ជាមួយនោះដែរ នាយឧត្តមសេនីយ៍ ក៏បានជួយឧបត្ថម្ភដល់ពលករចំណាកស្រុក ក្នុង១នាក់ ១០០,០០០រៀលផងដែរ៕ដោយ៖ សុខ ខេមរា