ភ្នំពេញ៖ ដើម្បីកុំអោយប្រជាពលរដ្ឋមានការយល់ច្រឡំ ចាញ់បោកជនខិលខូច ឆក់ឱកាសនិយម ក្រសួងសុខាភិបាល បានព្រមានចំពោះជនណាដែលប្រើឧបករណ៍សម្រាប់តេស្តរហ័ស រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង ខណៈរាល់ព័ត៌មានជាក់លាក់មានតែខាងក្រសួងសុខាភិបាលប៉ុណ្ណោះ
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលព្រឹកថ្ងៃទី២៩ខែមីនានេះ ក្រសួងបញ្ជាក់ថា៖ ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័ស បែបនេះ គឺនៅទាបណាស់ ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។
ក្រសួងបានបញ្ជាក់ថា៖ មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។
ក្រសួងសុខាភិបាល បានព្រមានថា ៖ ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហ័សរកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាពីក្រសួងសុខាភិបាលនោះ៕ សហការី