ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្ត​កំពង់ចាម​ ដឹកនាំ​ កម្លាំងបញ្ជាផ្ទាល់ចុះជួយអន្តរាគមន៍ពលរដ្ឋត្រូវអគ្គិភ័យឆេះរោងចក្រ ក្នុងស្រុកកំពង់សៀម

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំកម្លាំងចេញប្រតិបត្តិការដោយផ្ទាល់ និងបញ្ជាអោយចេញរថយន្តអគ្គិភ័យរបស់ខេត្ត និងតាមបណ្ដាស្រុកសរុបចំនួន១១គ្រឿងចេញ​ប្រតិបត្តិជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរង ដោយផ្ទាល់ និងត្រូវប្រើប្រាស់ទឹកអស់ ចំនួន៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម ១៥០នាក់។

ករណី​អគ្គិភ័យ​ឆាបឆេះរោងចក្រក្ដារបន្ទះខាងលេីកេីតឡេីង​ កាលពីវេលា​ម៉ោង២២៖​១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុច ជិតជើងភ្នំស្រី ភ្នំប្រុស ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បងប្អូន​អ្នកបម្រើការងារក្នុងរោងចក្រ បានឲ្យដឹងថា ដើមហេតុ នៃអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែង ផលិតពូក ផ្នែកកណ្ដាល នៃផ្ទៃរោងចក្រ ចំពោះទំហំ នៃការខូចខាត​សមត្ថកិច្ចជំនាញ កំពុងធ្វើការសិក្សា វាយតម្លៃ។

ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ លោកឧត្ដមសេនីយ៍ស្នងការ បានឧបត្ថម្ភ នូវថវិកា ទឹកសុទ្ធ និងអាហារដល់កងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងបំពេញភារកិច្ច ក្នុងហេតុការណ៍ខាងលើនេះ សរុបជាថវិកា ចំនួន៤,៥០០,០០០រៀល។

សមត្ថកិច្ច​បញ្ជាក់ថា​ អគ្គិភ័យនេះកម្លាំងគ្រប់គ្រងទាំងស្រុងដោយបានទប់ស្កាត់ មិនបណ្ដាលឲ្យឆាបឆេះរាលដាលបន្ត នៅវេលាម៉ោង ១:៣៥នាទីយប់ ដែល​ ១១ប្រតិបត្តិការនេះ ចំណាយអស់រយ:ពេល ជាង៣ម៉ោង​ ៕​ ដោយ​  ៖​ វណ្ណៈ​


ចែករំលែក៖