ខេត្តបាត់ដំបង៖ បុរសជាកូនបានប្រើអំពើហិង្សាលើឪពុកបង្កើតរបស់ខ្លួនដោយការវាយទាត់ធាក់មិនអស់ចិត្តថែមទាំងកេះដែកកេះដុតផ្ទះថែមទៀត ធ្វើឆេះឲ្យភ្ញាក់ផ្អើលពេញភូមិនិងសមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ជិត១ម៉ោងទើបរលត់ ហើយកូនចិត្តតិរច្ឆានរូបនោះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗដែរ ។
ហែតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧កន្លះព្រឹក ថ្ងៃអាទិត្យ ៦កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២៦០ ក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ក្តុលដូនទាវបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គ្រុយ គឹមអេង ភេទប្រុស អាយុ៧១ឆ្នាំ ជាឪពុក ។ ចំណែកជនសង្ស័យឈ្មោះ អេង រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ត្រូវជាកូនបង្កើតប្រុសម្ចាស់ផ្ទះ)។ ចំណែកផ្ទះដែលកូនដុតជាប្រភេទសំណង់ ធ្វើអំពីបេតុង (ផ្ទះល្វែង ក្នុងបុរីរស្មីបាត់ដំបង)ធ្វើឲ្យឆេះទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាកូន បានមានជម្លោះជាមួយឪពុកបង្កើត ដោយឪពុកប្រដែប្រដៅមិនឲ្យដើរលេងច្រើនពេកបែរជាកូនមិនស្តាប់ ក៏ប្រើអំពើហិង្សាវាយដំ និងដុតផ្ទះបំផ្លាញផ្ទះឪពុកចោលថែមទៀត។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង អន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងបានឃាត់ខ្លួនជនសង្ស័យរូបនេះយកទៅចាត់ការតាមច្បាប់ ៕ សហការី