ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ នឹងឈានដល់កម្រិតកំពូលនៅអាមេរិក នៅពីរសប្តាហ៍ខាងមុខ

ចែករំលែក៖

អាមេរិក៖ ក្រុមអ្នកជំនាញបានព្រមានថា នឹងមានពលរដ្ឋអាមេរិក ប្រមាណ ២សែននាក់ស្លាប់ដោយកូវីដ-១៩ និងមានអ្នកស្លាប់ជាច្រើន។  អាមេរិក ជាប្រទេស ដែល ការឆ្លងរាតត្បាត ដោយវីរុសកូវីដ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយបាននឹងកំពុងបន្តកើនឡើងជាលំដាប់។ បើតាម ទិន្នន័យ របស់ សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា មនុស្សជាង១៣៥ ០០០ នាក់ មានផ្ទុកវីរុសកូវីដ១៩ ក្នុងនោះជាង ២ ៤០០ នាក់ បានបាត់បង់ជីវិត ។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ៣០ខែមីនា ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា លោកសូមផ្តល់អនុសាសន៍ ឲ្យបន្តការរស់នៅដាច់ដោយឡែក ពីសង្គមនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បី ធ្វើឲ្យថមថយចុះ មកនូវការរាតត្បាត នៃវីរុសកូវីដ១៩ ។
លោកប្រធានាធិបតី បានថ្លែង ទៅកាន់ កងកម្លាំង ប្រយុទ្ធប្រឆាំងនឹង វីរុស កូរ៉ូណា នៅសេតវិមាន ថា «យើងនឹង ពង្រីកគោល ការណ៍ណែនាំ របស់យើង រហូតដល់ថ្ងៃទី៣០ ខែមេសា ដើម្បីធ្វើឲ្យចុះខ្សោយ ការឆ្លងរាតត្បាត ។ នៅថ្ងៃអង្គារ សប្តាហ៍នេះ យើងនឹង ធ្វើសេចក្តីសម្រេចចុងក្រោយ អំពីផែនការទាំងនេះ និងផ្តល់នូវ ព័ត៌មានសង្ខេប តាមអ្វីដែល យើង បានរកឃើញ… ទៅដល់ប្រជាជនអាមេរិកទាំងអស់ឲ្យបានជ្រាប»។
លោក ដូណាល់ ត្រាំ បានថ្លែងថា នៅពីរសប្តាហ៍ខាងមុខទៀតនេះ ចំនួនអ្នកជំងឺ ស្លាប់ដោយសារកូវីដ១៩ ទំនង ជាមានអត្រាកើនឡើង នៅក្នុងប្រទេស របស់យើង ។ លោកបានបញ្ជាក់ថា «តាមការ ប៉ាន់ប្រមាណ ឃើញថា អត្រា មរណភាពទំនង ជា នឹង កើនឡើង នៅក្នុងអំឡុងពេល២សប្តាហ៍ ខាងមុខ »។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា បើសិន ជាជំងឺ កូវីដ១៩នេះធ្វើឲ្យពលរដ្ឋ អាមេរិក ប្រហែល ២០០ ០០០នាក់ស្លាប់ ជំនួស ឲ្យប្រហែល ២,២លាននាក់នោះ វាមានន័យថា រដ្ឋបាល របស់លោក គឺបានធ្វើ «កិច្ច ការងារដ៏ល្អបំផុតហើយ» ។
លោក ត្រាំ បន្តថា «បើសិន ជាយើង មានចំនួន អ្នកស្លាប់ ១០០ ០០០នាក់, វាជាចំនួនដ៏តក់ស្លុត, ឬប្រហាក់ប្រហែល ក្រោម ពីចំនួននេះ… ដូច្នេះ បើសិន យើង បាត់បង់ជីវិត ពី ១០០ ០០០ នាក់ដល់ ២០០ ០០០ នោះ យើង ទាំងអស់គ្នា ពិតជាបានធ្វើនូវកិច្ចការងារដ៏ល្អប្រសើរណាស់ហើយ»។
លោក ដូណាល់ ត្រាំ បានបានថ្លែង ថា លោករំពឹង ចំពោះទឹកដីសហរដ្ឋអាមេរិក «នឹង ល្អប្រសើរ ស្ថិតនៅលើវិថី ឆ្ពោះទៅរក ការធូរស្បើយ» នៅមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ហើយ សូមសន្យាថា «រឿងរ៉ាវ ល្អៗជាច្រើន នឹងកើតឡើង» ។ កាលពីពេលមុននេះ លោកប្រធានាធិបតី បានកំណត់ទិសដៅ ចំពោះ ប្រទេសនេះថា នឹង រួចផុតពីទុក្ខញាំញី ដោយសារជំងឺ កូវីដ១៩នេះ នៅមុនពិធីបុណ្យ Easter។
គោល ការណ៍ណែនាំ របស់សហព័ន្ធ បានស្នើឲ្យសង្គម បន្ត នៅដាច់ដោយឡែកពីគ្នា និងបានណែនាំ មនុស្សវ័យចំណាស់ និងអ្នកដែលងាយប្រឈមហានិភ័យសុខភាពនោះ ស្ថិតនៅតែក្នុងផ្ទះ ហាមចេញទៅខាងក្រៅ ។ គេ ក៏បានណែនាំ ឲ្យចៀសវាងការជួបជុំ នៅក្នុងសង្គម នៅឲ្យឆ្ងាយដោយឡែក ពី ទីសាធារណៈផងដែរ៕ដោយ៖ មែវ សាធី

 


ចែករំលែក៖