ខេត្តបាត់ដំបង៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានល្បាតឃើញ និងឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ(ពលករ)ចំនួន៩នាក់ ក្នុងនោះមានស្រី៣នាក់ និងមេខ្លោង១នាក់ ជាអ្នកដឹកនាំឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង ។
ការឃាត់ខ្លួនជនសង្ស័ខាងលើបានប្រព្រឹត្តទៅនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នៅ ស្លាបស្តាំ របស់ប៉ុស្តិ៍ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានថាមានមនុស្សឆ្លងដែនខុសច្បាប់តាមច្រករបៀងទៅកាន់ប្រទេសថៃ កម្លាំងនគរបាលប៉ុស្តិ៍ ភ្នំដីបានទទួលបទបញ្ជាពីលោក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ និងលោក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចុះទៅស្ទាក់និងឃាត់ខ្លួនបានមនុស្ស១០នាក់ ក្ណុងនោះមានមេខ្លោងជាអ្នកនាំផ្លូវម្នាក់ផង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួនមនុស្ស៩នាក់ត្រូវបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន។ រីឯមេខ្លោងម្នាក់ជាអ្នកនាំផ្លូវ ត្រូវបានធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តចាត់ចែងអនុវត្តតាមនីតិវីធី៕ សហការី